ញូវយ៉ក ៖ តារាសម្តែងស្រី Jenna Ortega បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តថ្មីរឿង “Klara and the Sun” នៅទីក្រុងញូវយ៉ក តាមរយៈការគ្រងនូវរ៉ូបធ្វើពីដែកថែបដ៏រំលេចរូបរាងគួរឱ្យចាប់អារម្មណ៍ ដែលឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងសិល្បៈច្នៃម៉ូដដោយដៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។

រ៉ូបដ៏ប្លែកភ្នែកនេះ គឺជាស្នាដៃរបស់អ្នកច្នៃម៉ូដ Elias Matso ដោយត្រូវបានសម្រិតសម្រាំងឡើងស្ទើរតែទាំងស្រុងពីការកាត់បន្ទះដែកសំប៉ែត និងដែករាងស្ព្រីង (Spiral boning) ដែលជាទូទៅគេតែងតែប្រើជាគ្រោងខាងក្នុងនៃអាវ Corset។ ពេលក្រឡេកមើលមួយភ្លែត ឈុតនេះធ្វើឱ្យ Ortega មើលទៅហាក់ដូចជាមនុស្សដែលត្រូវបានឆក់ទាញដោយដែកឆក់នៅក្នុងរោងចក្រដែកថែបយ៉ាងដូច្នោះដែរ។
ការជ្រើសរើសស្លៀកឈុតនេះ គឺជារឿងដ៏ស័ក្តិសមបំផុតសម្រាប់ខ្សែភាពយន្ត “Klara and the Sun” (ដកស្រង់ពីប្រលោមលោករបស់ Kazuo Ishiguro ឆ្នាំ២០២១) ដែលនៅក្នុងរឿងនោះ Ortega ត្រូវសម្តែងជាតួអង្គមនុស្សយន្តដំណើរការដោយថាមពលព្រះអាទិត្យឈ្មោះ Klara។ នាងបានប្រាប់ទស្សនាវដ្តី People ថា៖ «គាត់ (អ្នកច្នៃម៉ូដ) បានទុកកាត់រ៉ូបនេះសម្រាប់ខ្ញុំ ហើយវាពិតជាស័ក្តិសមឥតខ្ចោះសម្រាប់ខ្សែភាពយន្តនេះតែម្តង»។
ការនាំយកប្រធានបទបច្ចេកវិទ្យា និងមនុស្សយន្ត (Robots) បញ្ចូលក្នុងវិស័យហ្វេហ្សិន (Fashion) មិនមែនជារឿងថ្មីនោះទេ។ កន្លងមក គេធ្លាប់ឃើញមានការប្រើប្រាស់ឈុតមនុស្សយន្តរបស់ Thierry Mugler ឆ្នាំ១៩៩៥ (ដែល Zendaya ទើបតែស្លៀកកាលពីពេលថ្មីៗនេះ) និងការយកសំរាមអេឡិចត្រូនិកចាស់ៗមកកែច្នៃក្នុងម៉ូដរបស់ Schiaparelli ជាដើម។ លើសពីនេះ នាពេលបច្ចុប្បន្ន មនុស្សយន្តពិតៗកំពុងបោះជំហានចូលក្នុងវិស័យនេះកាន់តែខ្លាំង ដូចជាការយកមនុស្សយន្តមកដើរម៉ូដរ៉ូបអាពាហ៍ពិពាហ៍ក្នុងកម្មវិធី Shanghai Fashion Week កាលពីដើមខែនេះជាដើម។

ទោះជាយ៉ាងណាក្តី ដើម្បីឱ្យម៉ូដបែបបច្ចេកវិទ្យាមានភាពទាក់ទាញ និងមិនរឹងកំព្រឹស វាទាមទារឱ្យមានការផ្សារភ្ជាប់ជាមួយនឹងលក្ខណៈធម្មជាតិរបស់មនុស្ស។ ជាក់ស្តែង ថ្វីត្បិតតែរ៉ូបដែករបស់ Ortega មើលទៅដូចជាផ្ទាំងសៀគ្វីអេឡិចត្រូនិក (Motherboard) ប៉ុន្តែវាត្រូវបានបង្កើតឡើងដោយលោហៈកាត់ដេរប្រពៃណី និងទាមទារការលះបង់កម្លាំងញើសឈាមយ៉ាងច្រើនពីមនុស្ស។
ទាំងអ្នកច្នៃម៉ូដ និង Ortega សុទ្ធតែបានសង្កត់ធ្ងន់លើតម្លៃនៃអ្នកដែលបានចូលរួមបង្កើតវាឡើង ដោយ Ortega បានបញ្ជាក់យ៉ាងខ្លីតែមានអត្ថន័យថា៖ «វាជាស្នាដៃធ្វើដោយដៃសុទ្ធសាធ ជារបស់ដែលមនុស្សបង្កើតឡើងពិតៗ និងទាមទារការខិតខំប្រឹងប្រែងយ៉ាងខ្លាំងបំផុត»។
ប្រែសម្រួល៖ គីរី
