ហូលីវូដ៖ យោងតាមប្រភពពីសារព័ត៌មាន Deadline បានបញ្ជាក់ថា តារាសម្តែងល្បីឈ្មោះលោក Keanu Reeves ត្រូវបានកំណត់ឱ្យចូលរួមសម្តែងជាតួឯក ក្នុងខ្សែភាពយន្តសកម្មភាពខ្នាតធំថ្មីរបស់ Netflix ដែលមានចំណងជើងថា «Maelstrom» ក្រោមការដឹកនាំរបស់លោក Jaume Collet-Serra (អ្នកដឹកនាំរឿង Carry-On) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន DeadLine ថ្ងៃទី២៨》ខែតុលា ឆ្នាំ២០២៦ ។
លោក Keanu Reeves នឹងចូលមកជំនួសតំណែងតួឯកដើម គឺលោក Alan Ritchson (តួឯកក្នុងរឿងស៊េរី Reacher) ដែលបានដកខ្លួនចេញពីគម្រោងនេះ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ ជុំវិញការផ្លាស់ប្តូរតួឯកនេះ តំណាងក្រុមហ៊ុន Netflix បានបដិសេធមិនធ្វើការអត្ថាធិប្បាយនោះទេ។
ភាពយន្តនេះ និទានពីសាច់រឿងរបស់មន្ត្រីប៉ូលិសសហព័ន្ធ (Federal Marshal) ម្នាក់ ដែលត្រូវបានចាត់តាំងឱ្យការពារគូដណ្តឹងរបស់អ្នកជួញដូរអាវុធ ដែលនាងបានក្លាយជាសាក្សីដ៏សំខាន់។ មន្ត្រីរូបនេះត្រូវតស៊ូការពារនាងពេញមួយយប់ដ៏សាហាវ ខណៈពេលដែលមានខ្យល់ព្យុះសង្ឃរា (Hurricane) ចូលមកកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង ធ្វើឱ្យពួកគេជាប់គាំងដោយគ្មានកម្លាំងជំនួយ និងត្រូវប្រឈមមុខនឹងក្រុមឃាតកររបស់អ្នកជួញដូរអាវុធ ដែលតាមប្រមាញ់ពួកគេដល់ទីតាំងលាក់ខ្លួនសុវត្ថិភាព (Safe house)។
ភាពយន្តនេះមានការកែសម្រួលអត្ថបទភាពយន្តចុងក្រោយដោយលោក Mark Bianculli ខណៈសាច់រឿងព្រាងដំបូងបំផុត ត្រូវបានសរសេរដោយអតីតអ្នកនិពន្ធលោក Gregory Fitzpatrick ដែលបានចែកឋានទៅហើយ។ គម្រោងរឿងនេះបានឆ្លងកាត់ដំណើរការរង់ចាំក្នុងប្រព័ន្ធផលិតកម្មអស់ជាច្រើនឆ្នាំ ដោយដំបូងឡើយវាត្រូវបានបង្កើតឡើងជាគម្រោងរបស់ផលិតកម្ម Warner Bros. តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ភាពយន្តនេះនឹងត្រូវបានផលិតដោយលោក Jeff Robinov រួមជាមួយលោកស្រី Tabitha Shick មកពីក្រុមហ៊ុន Talking Pictures។
បន្ទប់ពីភាពជោគជ័យនៃខ្សែភាពយន្ត John Wick វគ្គ ៤ លោក Keanu Reeves កំពុងពង្រីកការងាររបស់លោកយ៉ាងសកម្មនៅក្នុងវិស័យភាពយន្ត លោកកំពុងពិភាក្សាដើម្បីសម្តែងជាតួឯក ក្នុងភាពយន្តកូរ៉េថតឡើងវិញបែបឧក្រិដ្ឋកម្ម The Gangster, The Cop, The Devil របស់ផលិតកម្ម Paramount។
លោកត្រៀមខ្លួនបញ្ចូលសំឡេងជាតួអង្គ Shadow ក្នុងរឿង Sonic the Hedgehog 4។
លោកនឹងសម្តែងជាតួឯកក្នុងរឿង Kill Current: A Jon Hendricks Thriller ដែលជាគម្រោងដំបូងស្ថិតក្រោមស្លាកផលិតកម្មថ្មីរបស់លោកផ្ទាល់ឈ្មោះ Two Dragonflies ក្រោមកិច្ចសហការជាមួយ The Arena និង Zando។
គម្រោងផ្សេងទៀតរួមមាន ភាពយន្តបែបវិទ្យាសាស្ត្រ Shiver (Warner Bros.) និងរឿង The Entertainment System Is Down របស់អ្នកដឹកនាំរឿងម្ចាស់ពានរង្វាន់ Palme d’Or លោក Ruben Östlund។
ប្រែសម្រួល៖ គីរី
