ហូលីវូដ៖ យោងតាមប្រភពពីសារព័ត៌មាន Deadline បានបញ្ជាក់ថា តារាសម្តែងលោក Connor Storrie កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា និងពិចារណាក្នុងការចូលរួមសម្តែងជាមួយលោក Ryan Gosling នៅក្នុងខ្សែភាពយន្តថ្មី របស់ផលិតកម្ម Marvel Studios គឺរឿង «Ghost Rider» នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន DeadLine ថ្ងៃទីa២៨ ខែតុលា ឆ្នាំ២០២៦ ។

ជុំវិញការចុះផ្សាយនេះ តំណាងផលិតកម្ម Marvel បានបដិសេធមិនធ្វើការអត្ថាធិប្បាយនោះទេ។ ទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីតួអង្គដែល Storrie នឹងត្រូវសម្តែងក្តី ប៉ុន្តែមានសេចក្តីរាយការណ៍ថា លោកអាចនឹងដើរតួជាតួកាច (Villain) ប្រចាំក្នុងរឿងនេះ។
ភាពយន្តនេះក៏ជាការជួបគ្នាជាថ្មីម្តងទៀតផងដែររវាងតួឯក Ryan Gosling ជាមួយនឹងអ្នកដឹកនាំរឿងលោក Shawn Levy និងអ្នកនិពន្ធលោក Jonathan Tropper បន្ទាប់ពីពួកគេធ្លាប់បានសហការគ្នាក្នុងគម្រោងភាពយន្ត Star Wars: Starfighter រួចមក។
គួររំលឹកថា Marvel បានទម្លាយដំណឹងដ៏កក្រើកពីការផលិតភាពយន្តនេះ នៅក្នុងព្រឹត្តិការណ៍ San Diego Comic-Con នាឆ្នាំនេះ ដោយគម្រោងថតនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៧ ខណៈកាលបរិច្ឆេទចាក់បញ្ចាំងជាផ្លូវការត្រូវបានកំណត់នៅ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៨។
«Ghost Rider» គឺជារឿងរ៉ាវរបស់តួអង្គ Johnny Blaze ដែលជាអ្នកសម្តែងជិះម៉ូតូប្រថុយប្រថានម្នាក់។ យោងតាមសៀវភៅតុក្កតា (Comics) របស់ Marvel គេបានធ្វើកិច្ចសន្យាជាមួយបិសាចឈ្មោះ Mephisto ដើម្បីជួយសង្គ្រោះឪពុកធម៌របស់ខ្លួន រហូតធ្វើឱ្យគេត្រូវក្លាយជា «វិញ្ញាណសងសឹក» (Spirit of Vengeance)។
តួអង្គនេះត្រូវបានបង្កើតឡើងដោយអ្នកនិពន្ធ Gary Friedrich, សិល្បករ Mike Ploog និងលោក Roy Thomas (អ្នកដែលបានឡើងកាន់តំណែងបន្តពីលោក Stan Lee ជាអគ្គនិពន្ធនាយករបស់ Marvel Comics) ដោយបានបង្ហាញខ្លួនជាលើកដំបូងក្នុងសៀវភៅ Marvel Spotlight #5 ចេញផ្សាយក្នុងឆ្នាំ១៩៧២។
កន្លងមក តារាសម្តែងល្បីឈ្មោះ Nicolas Cage ធ្លាប់បាននាំយកតួអង្គនេះមកបង្ហាញលើផ្ទាំងក្រណាត់សចំនួន ២ វគ្គរួចមកហើយ គឺរឿង Ghost Rider (ឆ្នាំ២០០៧) និងរឿង Ghost Rider: Spirit of Vengeance (ឆ្នាំ២០១១)។
ប្រែសម្រួល៖ គីរី
