បរទេស៖យន្តហោះស៊ើបការណ៍ របស់សហរដ្ឋអាមេរិកមួយគ្រឿង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានហោះហើរជុំវិញប្រទេស កូរ៉េខាងត្បូង ស្របពេលមានក្តីព្រួយបារម្ភនៅ សហរដ្ឋអាមេរិកថា ប្រទេសកូរ៉េខាងជើង អាចនឹងចាប់ផ្តើមឡើងវិញ នូវប្រតិបត្តិការនៅមជ្ឈមណ្ឌល នុយក្លេអ៊ែ Yongbyon។
ក្រុមអ្នកតាមដានអាកាសចរណ៍ ឈ្មោះ Aircraft Spot បានបោះពុម្ពផ្សាយទិន្នន័យ នៃការហោះហើររបស់យន្តហោះ RC-135W ឬហៅថា Rivet Joint កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយយោងតាមក្រុមអ្នកតាមដានអាកាសចរណ៍នោះ យន្តហោះចារកម្មអាមេរិក បានហោះហើរក្នុងរយៈកម្ពស់៣១.០០០ហ្វីត នៅក្នុងដែនអាកាសរបស់ ប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ប្រទេសកូរ៉េខាងជើង បានព្រមានឲ្យសហរដ្ឋអាមេរិកគោរព តាមកាលផុតកំណត់ ចុងឆ្នាំដែលធ្វើឡើងជា ឯកតោភាគីមួយ ដែលជាការសំដៅដល់ការទាមទារ ឲ្យបន្ធូរបន្ថយទណ្ឌកម្ម នៅមុនពេលមានចំណាត់ ការបន្តបន្ទាប់ថែមទៀត ចំពោះការលុបបំបាត់ អាវុធនុយក្លេអ៊ែ៕ ប្រែសម្រួល៖ប៉ាង កុង