សិល្បៈ និង កម្សាន្ត

ស្ត្រីស្រស់ស្អាតបំផុត លើពិភពលោកបានប្រើប្រាស់ iPhone 18 Pro ថតវីដេអូចម្រៀងថ្មី ល្បីពេញបណ្តាញសង្គម

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀង នាងRosé សមាជិកក្រុម Blackpink បានសហការជាមួយអ្នក ដឹកនាំរឿងជនជាតិអាមេរិក លោក Dave Meyers ដើម្បីថតវីដេអូចម្រៀងសម្រាប់បទថ្មីរបស់នាងដែលមានចំណងជើងថា “New Trick” ដោយប្រើទូរស័ព្ទ iPhone 18 Pro របស់ក្រុមហ៊ុន Apple។

តារាចម្រៀងនាងRosé វ័យ ២៩ ឆ្នាំរូបនេះបានបញ្ចេញវីដេអូខ្លីៗកាលពីថ្ងៃព្រហស្បតិ៍ ដោយនាងបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បែបសិស្សសាលា និងកាន់ស្ករគ្រាប់ lollipop ពណ៌ស្វាយមានសរសេរពាក្យថា “New Trick” និង “Shot on iPhone 18 Pro” នៅទីធ្លាផ្ទះវីឡាដ៏ធំមួយ។

យោងតាមសារព័ត៌មាន The Korea Herald បាននិយាយថា វីដេអូនេះគឺជាផ្នែកមួយនៃយុទ្ធនាការ “Shot on iPhone” របស់ក្រមហ៊ុន Apple ហើយត្រូវបានដឹកនាំដោយលោក Meyers ដែលធ្លាប់ដឹកនាំវីដេអូចម្រៀងដ៏ល្បីល្បាញរបស់ Blackpink គឺបទ “Jump” (ចេញផ្សាយឆ្នាំ ២០២៥) ទទួលបានការចូលមើលជាង ៤២៧ លានដងនៅលើ YouTube។

បទ “New Trick” គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៨ ខែកញ្ញា។

នាង Rosé ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីប្រចាំឆ្នាំរបស់វេទិកាផ្តល់ចំណាត់ថ្នាក់តាមអ៊ីនធើណេត TC Candler សម្រាប់ “មុខមាត់ស្ត្រីដែលស្រស់ស្អាតបំផុតទាំង ១០០ លើពិភពលោក បានប្រាប់ទស្សនាវដ្តី Vogue ថា នាងបាននិពន្ធបទចម្រៀងនេះប៉ុន្មានថ្ងៃបន្ទាប់ពីបានចូលរួមកម្មវិធី Met Gala នៅទីក្រុងញូវយ៉កកាលពីខែឧសភា។ បទចម្រៀងដែលមានចង្វាក់រស់រវើកនេះ បង្ហាញពីការផ្លាស់ប្តូរស្ទីលពីបទចម្រៀងមានអារម្មណ៍សោកសៅក្នុងអាល់ប៊ុមទោលដំបូងរបស់នាងដែលមានចំណងជើងថា “Rosie”។

នាងបានបន្តថា ទីបំផុត យើងបាននិពន្ធបទចម្រៀងមួយដែលមិនមានអារម្មណ៍សោកសៅ ហើយខ្ញុំគិតថាវាអាចជាអ្វីដែលគួរឱ្យស្រឡាញ់បំផុតដែលយើងធ្លាប់បានបង្កើតជាមួយគ្នា ប្រហែលជាបទ ‘Apt.’ គឺជាបទដែលគួរឲ្យស្រឡាញ់បំផុត ប៉ុន្តែអ្នកទាំងអស់គ្នាអាចវិនិច្ឆ័យរឿងនេះជំនួសខ្ញុំបាន!។

ក្នុងអំឡុងពេលបង្កើតបទចម្រៀងនេះ នាងបាននឹកឃើញដល់បទចម្រៀងបែប Pop-Rock ដែលធ្លាប់មាននៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ Apple កំឡុងទសវត្សរ៍ឆ្នាំ ២០០០ ជាហេតុនាំឲ្យមានការសហការគ្នារវាងនាង ក្រុមហ៊ុន Apple និង Meyers សម្រាប់វីដេអូនេះ៕

Most Popular

To Top