សិល្បៈ និង កម្សាន្ត

រឿងរ៉ាវចម្រូងចម្រាស ហេតុអ្វីការប្រគុំតន្ត្រី ‘Loop Tour’ របស់ Ed Sheeran ស្រាប់តែក្លាយជាប្រធានបទក្តៅគគុក?

បរទេស៖ តារាចម្រៀង ដ៏ល្បីល្បាញលោក Ed Sheeran កំពុងប្រឈមមុខ​នឹងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីអ្នករៀបចំ កម្មវិធីរបស់លោកបានដកសិល្បករម្នាក់ចេញពីបញ្ជីអ្នកសម្តែង​​ ក្នុងកម្មវិធីប្រគុំតន្ត្រី ‘Loop Tour’ ។ ហេតុការណ៍នេះបានបង្កជាភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយមនុស្សជាច្រើនបានចោទប្រកាន់លោក Ed ថាមានការពាក់ព័ន្ធនឹងបញ្ហានយោបាយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Hollywood Life ចុះផ្សាយថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦។

​តារាចម្រៀងរ៉េប Macklemore ត្រូវបានដកចេញពីបញ្ជីអ្នកសម្តែងក្នុងការប្រគុំតន្ត្រី Loop Tour។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់បទ “Thinking Out Loud” រូបនេះបានអះអាងថា វាមិនមែនជាការសម្រេចចិត្តរបស់លោកនោះទេ។

​តាមរយៈសារលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី១៥ ខែកញ្ញា លោក Ed Sheeran បានពន្យល់ថា “មានហេតុផលដែលខ្ញុំមិនប្រើប្រាស់វេទិកាវិជ្ជាជីវៈរបស់ខ្ញុំសម្រាប់បញ្ហានយោបាយ គឺដោយសារតែទស្សនិកជនរបស់ខ្ញុំមានយុវជន និងកុមារមកពីមជ្ឈដ្ឋានផ្សេងៗគ្នា។ អ្នកដែលមកទស្សនាការប្រគុំតន្ត្រីរបស់ខ្ញុំ មិនរំពឹងថានឹងឃើញវេទិកានយោបាយនោះទេ។ ខ្ញុំគោរពគោលជំហររបស់ Macklemore ដែលហ៊ានក្រោកឈរ និងបញ្ចេញមតិសម្រាប់អ្វីដែលគាត់ជឿជាក់ ប៉ុន្តែយើងមានវិធីសាស្ត្រផ្សេងៗគ្នា ដើម្បីឆ្ពោះទៅរកគោលដៅតែមួយ នោះគឺសន្តិភាព។ ខ្ញុំជ្រើសរើសប្រើប្រាស់កេរ្តិ៍ឈ្មោះ និងវេទិការបស់ខ្ញុំជាកន្លែងសុវត្ថិភាព រក្សាភាពការទូត និងបើកចំហរការសន្ទនា។ ប្រសិនបើយើងគិតតែពីការស្រែកឱ្យខ្លាំងៗ នោះគ្មានអ្វីផ្លាស់ប្តូរឡើយ។”

​លោកបានបន្ថែមថា បន្ទាប់ពីការសម្តែង របស់ Macklemore នៅរដ្ឋ New Jersey ម្ចាស់ទីតាំងប្រគុំតន្ត្រីបន្ទាប់ៗ បានព្រមានថា ពួកគេនឹងលុបចោលការប្រគុំតន្ត្រី ប្រសិនបើ Macklemore នៅតែបន្តចូលរួម។ លោក Ed ព្រមទាំងភាគីពាក់ព័ន្ធបានព្យាយាមចរចាពេញមួយសប្តាហ៍ ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែទីបំផុតការសម្រេចចិត្តរបស់ម្ចាស់ទីតាំង និងអ្នករៀបចំកម្មវិធី គឺជាការសម្រេចចិត្តចុងក្រោយ។

​ក្រុមអ្នករៀបចំកម្មវិធី Messina Touring Group បានបញ្ជាក់ប្រាប់ទស្សនាវដ្តី Rolling Stone ថា ម្ចាស់ទីតាំងមិនអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីដែលមានវត្តមាន Macklemore ឡើយ ដែលនេះអាចបណ្តាលឱ្យការប្រគុំតន្ត្រីទាំងមូលត្រូវលុបចោល និងប៉ះពាល់ដល់អ្នកគាំទ្ររាប់សែននាក់។

​ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីលោក Macklemore បានស្រែកពាក្យ “Free Palestine” (រំដោះប៉ាឡេស្ទីន) នៅចំពោះមុខទស្សនិកជន នៅរដ្ឋ New Jersey កាលពីថ្ងៃទី៤ ខែកញ្ញា។ នៅថ្ងៃបន្ទាប់ លោកបានថ្លែងសារ ទៅកាន់ជនជាតិជ្វីហ្វ (Jewish) ថា៖ “ការរិះគន់អ៊ីស្រាអែល ការរិះគន់ការរើសអើងពូជសាសន៍ និងការប្រឆាំងនឹងការប្រល័យពូជសាសន៍ មិនមែនជាការរិះគន់អ្នកនោះទេ។ សាររបស់ខ្ញុំគឺដើម្បីសន្តិភាព ក្តីស្រឡាញ់ និងការប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយសេចក្តីថ្លៃថ្នូរ ការគោរព និងសមភាព។”

​ជាការឆ្លើយតប សិល្បករដែលត្រូវសម្តែងបើកឆាកផ្សេងទៀត រួមមានតារាចម្រៀង Finneas, សិល្បករអៀរឡង់ Aaron Rowe ក្រុមតន្ត្រី Beoga និងក្រុមតន្ត្រីប៉ុបដាណឺម៉ាក Lukas Graham សុទ្ធតែបានប្រកាសដកខ្លួនចេញពីការប្រគុំតន្ត្រីនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយ Macklemore។

​លោក Finneas បានបញ្ជាក់លើបណ្តាញសង្គមថា​៖ “សិល្បករមិនត្រូវស្ងៀមស្ងាត់ឡើយ នៅពេលដែលពួកគេបញ្ចេញមតិ​សម្រាប់អ្នកដែលត្រូវបានគេជិះជាន់។ ខ្ញុំសម្រេចចិត្តដកខ្លួនចេញពីការប្រគុំតន្ត្រីជាមួយ Ed Sheeran ហើយខ្ញុំឈរនៅខាងប៉ាឡេស្ទីន និងប្រជាជនរបស់ពួកគេ។”
ប្រែសម្រួល៖ គីរី

Most Popular

To Top