ព្រឹត្តិការណ៍

លោក ប៊ុយ សុភ័ណ៖ ការបង្កើតការគណៈកម្មការ ប្រដាល់សកលអាជីព ជាផែនការយុទ្ធសាស្រ្ត ស្វែងរកមេដាយសម្រាប់ SEA GAMES ២០២៣នៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំស្តីពី ការបង្កើត និងដំណើរការគណៈកម្មការប្រដាល់សកលអាជីព “Cambodia Professional Boxing Commission” ធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ ២០២៣ របស់សហព័ន្ធកីឡា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ក្នុងឳកាសប្រកាសជាផ្លូវការការបង្កើតការគណៈកម្មការប្រដាល់សកលអាជីពកម្ពុជានេះដោយមានការអញ្ជើញចូលរួម លោក អ៊ុក ឌីម៉ង អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណងក្រសួង យុវជន និងកីឡា លោកសាស្ត្រាចារ្យ ឆឹង យ៉េយ៉េន អ្នកតំណាងស្ថានទូតជប៉ុន និងក្រុមជម្រើសជាតិកីឡា ។

លោក ប៊ុយ សុភ័ណជាប្រធានគណៈកម្មការប្រដាល់សកលអាជីពបាននិយាយថា ការបង្កើតការគណៈកម្មការប្រដាល់សកលអាជីព ធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្ត ស្វែងរកមេដាយសម្រាប់ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាសកលកម្ពុជា និង តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍស្របតាមលក្ខន្តិកៈ របស់សហព័ន្ធក្នុងការគ្រប់គ្រង អភិវឌ្ឍកីឡាសកលស័្មគ្រចិត្ត និងប្រដាល់សកលអាជីពនៅព្រះជាណាចក្រកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ជាតិអូឡាំពិក និងសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិ ។

គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិគ្រប់គ្រង រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សកលអាជីព នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគ្រប់គ្រង និងដឹកនាំកីឡាករ-កីឡាការិនីប្រដាល់សកលអាជីព ចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ស្របតាមបទប្បញ្ញត្តិរបស់ស្ថាប័នកីឡា ប្រដាល់សកលអាជីពអន្តរជាតិ។

ចំពោះសមាជិកប្រតិបត្តិនៃគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា ១០រូបរួមមាន៖ លោក ប៊ុយ សុភ័ណ ជាប្រធាន លោក Motohashi Yukiharu អនុប្រធាន លោក Isobe Masahiro នាយកប្រតិបត្តិ លោក ហ៊ុន ដាវីរតនា នាយករងប្រតិបត្តិ លោកស្រី Motohashi Yuko លោក Motohashi Ryotaro លោក Motohashi Taiga លោក Kamehashi Nagakazu លោក Fukuda Akira និងលោក Takamori Jou៕ ដោយ៖លី ភីលីព

Most Popular

To Top