កីឡា

បញ្ហាប្រឈម របស់លោក Thomas Tuchel ៖ តើអង់គ្លេសគួរចម្លងទម្រង់លេង របស់អេស្ប៉ាញ ឬលេងបែបវាយសម្រុកលឿន រហ័សតាមបែប Premier League?

គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោក Thomas Tuchel កំពុងប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញទម្រង់លេងរបស់ក្រុម មុនការប្រកួតពានរង្វាន់ UEFA Nations League ដែលត្រូវប៉ះជាមួយម្ចាស់ជើងឯកពិភពលោក អេស្ប៉ាញ នៅថ្ងៃសៅរ៍នេះ​ បើយយោងតាម ការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

ទោះបីជាអង់គ្លេសដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ World Cup ដោយឈ្នះបារាំង ៦-៤ ក៏ដោយ ក៏ការបរាជ័យដ៏ឈឺចាប់ក្រោមថ្វីជើងអាហ្សង់ទីន ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានបន្សល់ទុកនូវចម្ងល់យ៉ាងធំ។ ក្នុងប្រកួតនោះ អង់គ្លេសបាត់បង់ការគ្រប់គ្រងការប្រកួតទាំងស្រុង ដោយកាន់កាប់បាល់បានត្រឹម ១២% ប៉ុណ្ណោះនៅចុងម៉ោង ដែលបង្ហាញពីភាពទន់ខ្សោយក្នុងការរក្សាទម្រង់លេងក្រោមសម្ពាធធ្ងន់ធ្ងរ។

ប្រធានក្រុម Harry Kane បានសម្តែងការខកចិត្តយ៉ាងខ្លាំងដោយលើកឡើងថា ក្រុមមិនអាចលេងតាមទម្រង់ដែលខ្លួនបានកំណត់ទុកនោះទេ។ ខ្សែប្រយុទ្ធ Anthony Gordon ដែលបច្ចុប្បន្នប្រកបអាជីពនៅអេស្ប៉ាញ (Barcelona) បានកត់សម្គាល់ថា កីឡាករអង់គ្លេសពិតជាមិនមាន “DNA គ្រប់គ្រងបាល់” ពីធម្មជាតិដូចកីឡាករអេស្ប៉ាញនោះទេ។ លោកបញ្ជាក់ថា ការសម្រេចចិត្តលើទីលាន និងរបៀបកាន់កាប់បាល់របស់អេស្ប៉ាញ គឺមានភាពខុសប្លែកគ្នាទាំងស្រុងពីវប្បធម៌បាល់ទាត់អង់គ្លេស។

ជាជាងការព្យាយាមចម្លងទម្រង់លេង «គ្រប់គ្រងបាល់» របស់ប្រទេសដទៃ លោក Gordon បានផ្តល់យោបល់ថា អង់គ្លេសគួរតែងាកមកប្រើប្រាស់ចំណុចខ្លាំងពីធម្មជាតិរបស់ខ្លួនវិញ គឺការលេងដោយប្រើកាយសម្បទា ការវាយសម្រុកលឿនៗដោយផ្ទាល់ (Direct Football) និងការវាយបក (Counter-attack) ដែលជាស្តង់ដារលេងនៅក្នុងក្របខ័ណ្ឌ Premier League។

ជារួម ភារកិច្ចចម្បងរបស់លោក Tuchel ពេលនេះគឺត្រូវស្វែងរកចម្លើយឱ្យបានថា តើអង់គ្លេសគួរតែបន្តព្យាយាមលេងបែបត្រួតត្រាបាល់ដូចកាលពីអតីតកាល ឬក៏ទទួលយកស្ទីលលេងបែបអង់គ្លេសពិតប្រាកដ ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ព្រឹត្តិការណ៍ Euro 2028 ខាងមុខ។

ប្រែសម្រួល៖ គីរី

Most Popular

To Top