បរទេស: កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Tesla បានបង្ហាញរថយន្ត Roadster ដែលត្រូវបានរចនាឡើងវិញ និងបំពាក់ដោយប្រព័ន្ធរុញច្រាន (thrusters) បែបគ្រាប់រ៉ុក្កែត ហើយបានប្រកាសថា ខ្លួននឹងចាប់ផ្តើម ផលិតរថយន្តនេះនៅឆ្នាំ ២០២៨ ពោលគឺជាងមួយទសវត្សរ៍បន្ទាប់ ពីខ្លួនបានបង្ហាញកំណែជំនាន់ថ្មី នៃរថយន្តស្ព័រអគ្គិសនីនេះជាលើកដំបូង។
យោងតាមការ រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ថា រថយន្តពណ៌សដែលមានកៅអីពីរនេះ ដែលត្រូវបានអភិវឌ្ឍឡើងដោយសហការជាមួយក្រុមហ៊ុន SpaceX (ក្រុមហ៊ុនផលិតរ៉ុក្កែតរបស់នាយកប្រតិបត្តិ Elon Musk) បានបើកបរក្នុងលក្ខណៈផ្ងារជើងនៅលើផ្លូវជម្រាលដោយប្រើប្រព័ន្ធបឺតជាប់ ព្រមទាំងបានបង្វិលខ្លួននៅលើអាកាស និងចុះចតដោយប្រើប្រព័ន្ធរុញច្រានដែលបានបំពាក់ស្រាប់។ នៅពេលបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍នោះ រថយន្តនេះបានប្រើប្រព័ន្ធរុញច្រានដើម្បីហោះរំលងរថយន្តដឹកទំនិញ និងយានយន្តផ្សេងទៀត ដោយមានការបង្វិលខ្លួននៅលើអាកាសក្នុងអំឡុងពេលធ្វើសកម្មភាពនោះ។
អ្នកសង្កេតការណ៍មួយចំនួនយល់ឃើញថា ការសហការគ្នានេះគឺជាវិធីសាស្ត្ររបស់លោក Musk ក្នុងការជំរុញចំណាប់អារម្មណ៍លើគំនិតនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនធំៗទាំងពីរដែលលោកគ្រប់គ្រង ដែលជាគំនិតមួយដែលលោកធ្លាប់បានពិចារណាដោយផ្អែកលើចំណុចរួមនៃប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងពីរ។
ចំណែកតម្លៃភាគហ៊ុនវិញ គឺ តម្លៃភាគហ៊ុនរបស់ Tesla បានកើនឡើង ៥% នៅក្នុងការជួញដូរមុន ពេលបើកផ្សារហ៊ុននៅថ្ងៃសុក្រ។
ការបង្ហាញនេះផ្តល់ឱ្យ Tesla នូវរថយន្តដ៏លេចធ្លោមួយ បន្ទាប់ពីការខកខានមិនបានផលិត Roadster តាមកាលកំណត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែវាបានកើតឡើងនៅពេល ដែលក្រុមហ៊ុនកំពុង បង្វែរការយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ និងវិស័យមនុស្សយន្ត ហើយក៏ជាពេលប៉ុន្មានថ្ងៃមុនការប្រកាស លទ្ធផលហិរញ្ញវត្ថុត្រីមាសទី ៣ ដែលអ្នកវិភាគយល់ថា មានសារៈសំខាន់ជាងសម្រាប់វិនិយោគិន។
ប្រែសម្រួល: ណៃ តុលា
