ខេត្តកំពង់ឆ្នាំង ៖ ពិធីរត់ភ្លើងគប់ និងការប្រណាំងកង់នៅទីរួមខេត្តកំពង់ឆ្នាំង នឹងប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដើម្បីអបអរសាទរព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងនោះខេត្តកំពង់ឆ្នាំង នឹងម្ចាស់ផ្ទះការប្រកួតកីឡាប្រណាំងកង់ ។

លោក ហួត សេងទ្រី ប្រធាននាយករៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ពីខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ពិធីរត់ភ្លើងគប់ ដើម្បីអបអរសាទរព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំងនឹងចាប់ផ្តើមនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយពីការៀបចំផង និងបំផុសស្មារតីកីឡាទីនោះផង។
ប្រធាននាយករៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានបញ្ជាក់ថា ពិធីរត់ភ្លើងគប់ នៃការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏មានអត្ថន័យ និងជាការបោះជំហានយ៉ាងរឹងមាំបន្ថែមទៀតនៅក្នុងវិស័យកីឡាជាតិ។ ភ្លើងគប់កីឡាដែលប្រគល់ និងដង្ហែរនាព្រឹកមិញនេះមិនត្រឹមតែជាអណ្តាតភ្លើង នៃការប្រកួតប្រជែងនោះទេ ប៉ុន្តែជាសិរិមង្គល និមិត្តរូប នៃស្មារតីកីឡា មិត្តភាព និងកម្លាំងថាមពល នៃការបង្រួបបង្រួម ដែលចាំងឆ្លុះអណ្តាតភ្លើង សន្តិភាពពាសពេញផ្ទៃប្រទេស។

បញ្ជាក់ដែរថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» ដោយមានរាជធានី ខេត្តធ្វើជាម្ចាស់ផ្ទះរួមមាន រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។

នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារប្រតិភូក្រសួង និងនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាជួបជាមួយលោក ឈឹម វុទ្ធា អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីពិភាក្សាការងារស្តីពីការត្រៀមរៀបចំពិធីរត់ ក្នុងឱកាសកិច្ចប្រជុំនេះ ដោយមានការចូលរួមពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយករៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងមន្ទីរអប់រំកាយ និងកីឡាខេត្ត អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងជុំវិញខេត្ត ៕


