កីឡា

៧ប្រកួត ៧ពិន្ទុ៖ ក្តីសង្ឃឹមរបស់ Man Utd កំពុងរលត់ ខណៈកៅអីអ្នកចាត់ការទូទៅកំពុងស្ថិតក្នុងហានិភ័យ

បរទេស៖ ឆ្លងកាត់ ៧ប្រកួតក្នុងលីគ Man Utd រកបានតែ ៧ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Man City ដល់ទៅ ១៤ពិន្ទុ ដែលនេះជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតគិតតាំងពីឆ្នាំ ១៩៨៦ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

ទោះបីជាទទួលបានកិច្ចសន្យាថ្មីកាលពីខែឧសភាក៏ដោយ អ្នកចាត់ការទូទៅវ័យ ៤៥ឆ្នាំរូបនេះកំពុងប្រឈមនឹងហានិភ័យបាត់បង់តំណែង បន្ទាប់ពីលទ្ធផលស្មើ ១-១ ជាមួយ Leeds United កាលពីថ្ងៃអាទិត្យ។

គ្រូបង្វឹកមានបទពិសោធន៍ដូចជា លោក Eddie Howe, Antonio Conte និង Kieran McKenna សុទ្ធតែជាជម្រើសដែលកំពុងទំនេរ ប្រសិនបើក្លិបសម្រេចចិត្តផ្លាស់ប្តូរអ្នកចាត់ការ។

ក្លិបបិសាចក្រហម Manchester United កំពុងប្រឈមនឹងការធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំងក្នុងរដូវកាលនេះ ហើយវាអាចជារឿងពេលវេលាប៉ុណ្ណោះ មុនពេលសម្ពាធនៃលទ្ធផលមិនគាប់ប្រសើរនៅកីឡដ្ឋាន Old Trafford ឈានដល់ការបញ្ចប់តំណែងរបស់អ្នកចាត់ការទូទៅលោក Michael Carrick។

​កាលពីរដូវកាលមុន លោក Ruben Amorim ត្រូវបានបណ្តេញចេញក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីស្មើ ១-១ ជាមួយ Leeds United រួមផ្សំជាមួយនឹងការរិះគន់ជាសាធារណៈទៅលើនាយកកីឡា លោក Jason Wilcox។ ទោះបីជាលោក Carrick ប្រហែលជាមិនប្រឈមមុខនឹងការបណ្តេញចេញភ្លាមៗបន្ទាប់ពីលទ្ធផលស្មើ ១-១ ជាមួយ Leeds កាលពីថ្ងៃអាទិត្យក៏ដោយ ប៉ុន្តែដោយសារមានជ័យជម្នះតែ ១លើកគត់ក្នុងលីគ និងមិនធ្លាប់ឈ្នះសោះគិតចាប់តាំងពីយកឈ្នះ FK Sabah ៤-០ កាលពីថ្ងៃទី១០ ខែកញ្ញា លោក Carrick ពេលនេះកំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់។

​គិតត្រឹមពាក់កណ្តាលខែតុលានេះ Man Utd ទើបតែឈ្នះ ២ប្រកួតគត់ គឺទល់នឹងក្រុមទើបឡើងជើង Ipswich និងក្រុមជើងឯកមកពីប្រទេសអាស៊ែបៃហ្សង់។ ពួកគេក៏បានធ្លាក់ចេញពីពានរង្វាន់ Carabao Cup តាំងពីជុំទីមួយក្នុងរយៈពេល ២រដូវកាលជាប់គ្នា។ ការមានត្រឹម ៧ពិន្ទុពីការប្រកួត ៧លើក គឺជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ក្លិបគិតតាំងពីឆ្នាំ ១៩៨៦ ដែលធ្វើឱ្យអ្នកគាំទ្រ និងថ្នាក់ដឹកនាំគ្មានសង្ឃឹមអ្វីជាដុំកំភួនឡើយ។

​ក្នុងការប្រកួតនៅកីឡដ្ឋាន Elland Road លោក Carrick បានព្យាយាមផ្លាស់ប្តូរយុទ្ធសាស្ត្រដោយប្រើប្រព័ន្ធការពារ៣នាក់ និងពង្រឹងតំបន់កណ្តាលដោយដាក់ Andrey Santos និង Carlos Baleba ឱ្យលេងគាំទ្រពីក្រោយ Bruno Fernandes និង Youri Tielemans។ ទោះបីជាយុទ្ធសាស្ត្រនេះជួយឱ្យក្រុមលេងបានរឹងមាំជាងមុន និងអាចនាំមុខមុនដោយកីឡាករ Bryan Mbeumo នៅនាទីទី៣៥ ក៏ដោយ ក៏ប្រព័ន្ធប្រយុទ្ធរបស់ពួកគេនៅតែខ្សោយ។ Leeds បានវាយបកតាមស្មើវិញនៅតង់ទីពីរដោយការស៊ុតជិតទីរបស់ Dominic Calvert-Lewin។

​អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅពេលដែលក្រុមត្រូវការការជំរុញទឹកចិត្ត លោក Carrick ឈរនៅក្រៅទីលានយ៉ាងស្ងៀមស្ងាត់ មិនបង្ហាញអារម្មណ៍ ឬចង្អុលបង្ហាញយុទ្ធសាស្ត្រអ្វីឡើយ។ លោក Carrick ហាក់មានភាពស្ងប់ស្ងាត់ពេក ទាំងនៅទីលាន និងពេលផ្តល់បទសម្ភាសន៍។

​ទោះជាយ៉ាងណា លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ “យើងមិនមែនទទួលយកថាគ្រប់យ៉ាងកំពុងល្អនោះទេ ប៉ុន្តែជួនកាលពេលជួបការលំបាក យើងត្រូវតែរកផ្លូវដោះស្រាយ។ ខ្ញុំយល់ថាស្ថានភាពមើលទៅមិនល្អឡើយ ប៉ុន្តែខ្ញុំមិនសង្ស័យទេថាយើងអាចនឹងត្រលប់មករកភាពល្អប្រសើរវិញ។ ខ្ញុំនៅតែជឿជាក់ថាយើងអាចមានរដូវកាលដ៏ល្អមួយ។”

​បន្ទាប់ពីនេះ Man Utd នឹងត្រូវធ្វើដំណើរទៅជួបក្រុម Como ក្នុងពានរង្វាន់ Champions League នៅថ្ងៃពុធ មុននឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលភ្ញៀវ Bournemouth ក្នុងលីគនៅថ្ងៃអាទិត្យ។ ការប្រកួតទាំងនេះនឹងមិនងាយស្រួលឡើយ ហើយពួកគេត្រូវការជ័យជម្នះជាចាំបាច់។

​កាលពី ៤០ឆ្នាំមុន ពេលដែល United ចាប់ផ្តើមរដូវកាលដ៏អាក្រក់បែបនេះ ពួកគេបានបណ្តេញអ្នកចាត់ការចេញនៅដើមខែវិច្ឆិកា ហើយបាននាំយកលោក Alex Ferguson មកដឹកនាំ ដែលក្រោយមកក្លាយជាប្រវត្តិសាស្ត្រដ៏ជោគជ័យ។ ពេលនេះ វាហាក់ដូចជាក្លិបកំពុងរង់ចាំអ្នកសង្គ្រោះថ្មីម្នាក់ទៀត ដើម្បីមកស្រោចស្រង់ស្ថានភាពដ៏ដុនដាបនេះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top