បច្ចេកវិទ្យា

រដ្ឋាភិបាលអង់គ្លេស ប្រកាសកញ្ចប់ថវិកា ៨០០ លានដុល្លារ សម្រាប់ពង្រឹងសន្តិសុខ បញ្ញាសិប្បនិម្មិត (AI)

ឡុងដ៍ ៖ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសផ្តល់កញ្ចប់ថវិកាប្រមាណ ៦០០ លានផោន (ស្មើនឹងប្រមាណ ៨០០ លានដុល្លារអាមេរិក) ដែលភាគច្រើនផ្តោតលើការទប់ទល់ នឹងការគំរាមកំហែងផ្នែកសុខភាព និងសន្តិសុខ ដែលបណ្តាលមកពីការវិវឌ្ឍនៃបញ្ញាសិប្បនិម្មិត (AI)។

ចំណែកដ៏ធំបំផុតនៃកញ្ចប់ថវិកានេះ នឹងត្រូវបែងចែកទៅលើគំនិតផ្តួចផ្តើមផ្នែកសន្តិសុខជីវសាស្ត្រ (Biosecurity) ថ្មីមួយ ដែលក្នុងនោះរួមមានថវិកា ១០០ លានផោន សម្រាប់មន្ទីរពិសោធន៍ដែលប្រើប្រាស់ AI ដើម្បីតាមដានរកការគំរាមកំហែងផ្នែកជីវសាស្ត្រ និង ៦៥ លានផោនទៀតសម្រាប់អភិវឌ្ឍវិធានការទប់ទល់នឹងមេរោគបង្កជំងឺ (Pathogens)។

លោក Kanishka Narayan រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបញ្ញាសិប្បនិម្មិត (AI) បានថ្លែងថា គោលដៅចម្បងគឺដើម្បីជំរុញឱ្យមន្ទីរពិសោធន៍សន្តិសុខជីវសាស្ត្រ AI នេះ ក្លាយជាស្ថាប័នលំដាប់ពិភពលោកមួយ ដោយលោកបានសង្កត់ធ្ងន់ថាស្ថាប័ននេះនឹង «ប្រមូលផ្តុំអ្នកជំនាញវិទ្យាសាស្ត្រកំពូលៗ ដើម្បីការពារមនុស្សជាតិពីការគំរាមកំហែងផ្នែកជីវសាស្ត្រដែលកំពុងលេចឡើងថ្មីៗ»។

ទាក់ទិននឹងការបែងចែកកញ្ចប់ថវិកា និងកិច្ចសហប្រតិបត្តិការនេះ រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់លម្អិតដូចខាងក្រោម៖

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស OpenAI និង Anthropic នឹងផ្តល់ឥណទានប្រើប្រាស់ទម្រង់ AI (Model Credits) ក្នុងទំហំទឹកប្រាក់រហូតដល់ ២០០ លានផោន ជូនដល់គំនិតផ្តួចផ្តើមសន្តិសុខជីវសាស្ត្រនេះ។

ក្រុមហ៊ុន Google Deepmind និងក្រុមហ៊ុនស្រាវជ្រាវវិទ្យាសាស្ត្រជីវិត Basecamp Research ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ នឹងផ្តល់ជំនួយគាំទ្របន្ថែមផ្សេងៗទៀត។

១២០ លានផោន ៖ នឹងត្រូវផ្តល់ជាថវិកាបន្ថែមដល់វិទ្យាស្ថានសន្តិសុខ AI របស់រដ្ឋាភិបាលដែលមានស្រាប់។

១៣០ លានផោន ៖ សម្រាប់គម្រោងថ្មីៗដើម្បីពង្រឹងការការពារប្រព័ន្ធអ៊ីនធឺណិត (Cyber Defences) សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាតិ និងសេដ្ឋកិច្ចទូទៅ តាមរយៈគម្រោង National Cyber Shield និងមជ្ឈមណ្ឌល National Exposure and Real-Time Vulnerability Centre។

៦០ លានផោន ៖ បែងចែកចូលមូលនិធិវិនិយោគលើក្រុមហ៊ុនអង់គ្លេស ដែលប្រើប្រាស់ AI ដើម្បីអភិវឌ្ឍមនុស្សយន្ត (Robotics) ប្រព័ន្ធស្វ័យប្រវត្តិ និងវិស័យកម្មន្តសាល។

៦០ លានផោន ៖ សម្រាប់ការស្រាវជ្រាវ AI និងកិច្ចសន្យាលទ្ធកម្មនានា។

២៣ លានផោន (បន្ថែម) ៖ សម្រាប់ការស្រាវជ្រាវពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពី AI។

១៨ លានផោន ៖ សម្រាប់បង្កើតបណ្ឌិត្យសភាផ្នែករចនាបន្ទះឈីបថ្មីមួយ (Chip Design Academy)។

១៥ លានផោន ៖ សម្រាប់ផ្តល់ជារង្វាន់ដល់ដំណោះស្រាយ AI លើបញ្ហាគោលនយោបាយសាធារណៈ ដោយផ្តោតដំបូងលើវិស័យថែទាំសុខភាព។

៣០ លានផោន ៖ នឹងត្រូវផ្តល់ជូនអភិបាលក្រុងតាមតំបន់ ដើម្បីគាំទ្រការងារ AI នៅតាមមូលដ្ឋាន។

មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតជាតិរបស់អង់គ្លេស (NCSC) ក៏នឹងទទួលបានថវិកាមួយចំនួន (មិនទាន់បញ្ជាក់តួលេខ) ដើម្បីពង្រីកប្រតិបត្តិការនៅទីក្រុង Manchester ផងដែរ។

គួរកត់សម្គាល់ថា ការបណ្តាក់ទុនរបស់រដ្ឋាភិបាលលើវិស័យនេះ ទាមទារការចំណាយដ៏ធំធេង ខណៈដែលកាលពីឆ្នាំមុន ត្រឹមតែក្រុមហ៊ុន Anthropic មួយប៉ុណ្ណោះ បានចំណាយលើប្រតិបត្តិការរបស់ខ្លួនអស់ទឹកប្រាក់ជាង ១២ ពាន់លានដុល្លារទៅហើយ។ (អត្រាប្តូរប្រាក់៖ ១ដុល្លារ = ០.៧៤៧២ ផោន)។

ប្រែសម្រួល៖​ គីរី

Most Popular

To Top