ភ្នំពេញ ៖ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ Tep Khunnah Memorial Cup លើកទី៣១ និងព្រឹត្តិការណ៍ ITF World Tennis Tour Juniors – J30 Phnom Penh ដែលបានប្រព្រឹត្តិយៈពេល ១២ ថ្ងៃចាប់ពីថ្ងទី១៥ រហូតដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបិទបញ្ចប់ជាផ្លូវការនៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៦ រហូតដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រឹត្តិការណ៍រៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។

ក្នុងឱកាសប្រកាសពិធីបិទ និងប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនីវ័យក្មេងជាតិ និងអន្តរជាតិថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាតំណាង អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងគណៈប្រតិភូជាតិ និងអន្តរជាតិ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា លើកទី៣១ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍អន្តរជាតិមានកីឡាករ-កីឡាការិនីជាច្រើនប្រទេសចូលរួម គឺទទួលបានជោគជ័យជាមួយនឹងរៀបចំរបស់កម្ពុជាស្ថិតក្នុងកម្រិតគុណភាពអន្តរជាតិដូចគ្នា។ ក្នុងនាមលោកស្ថាបនិករៀបចំការប្រកួតនេះ លោកអគ្គលេខាធិការក៏មានមោទនភាពដែរ ដែលព្រឹត្តិការណ៍ពានរង្វាន់ ទេព ឃុនណា ជាការរម្លឹកដឹងគុណចំពោះឪពុករបស់លោកគឺលោក ទេព ឃុនណា អតីកីឡាករលំដាប់ទី១របស់កម្ពុជា កាលពីអតីកាល ហើយលោកបានវិវឌ្ឍព្រឹត្តិការណ៍មួយនេះពីការប្រកួតថ្នាក់ជាតិ កន្លងមកឲ្យក្លាយទៅក្លាយទៅជាការប្រកួតកម្រិតអន្តរជាតិមានប្រទេសជាច្រើនមកចូលរួមច្រើនជាបន្តបន្ទាប់។

លោកចាត់ទុកថា ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា ជាការផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ជាពិសេសកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជា។ តាមរយៈការខិតខំរៀបចំការប្រកួតកម្រិតអន្តរជាតិ ជាបន្តបន្ទាប់បែបនេះ លោកជឿជាក់ថា កីឡាករ កីឡាការិនីកម្ពុជានឹងបង្កើនបានគុណភាពបច្ចេកទេសកាន់តែល្អប្រសើរបន្ថែមទៀត និងអាចឈានដល់កម្រិតខ្ពស់ៗជាមួយនឹងលទ្ធផលល្អៗជូនជាតិ នាថ្ងៃអនាគតផងដែរ។

លោកអគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ឧបត្ថម្ភ និងដៃគូសហការទាំងអស់ ដែលបានចូលរួមចំណែកគាំទ្រ និងធ្វើឱ្យព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ការគាំទ្ររបស់លោកអ្នក គឺជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាវាយកូនបាល់យុវជន និងបង្កើតឱកាសប្រកួតប្រជែងលើឆាកអន្តរជាតិសម្រាប់កីឡាករកម្ពុជាជំនាន់ក្រោយ។

លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ប្រកួតសប្តាហ៍ទី១៖ ថ្ងៃទី១៦–២១ ខែវិច្ឆិកា ឆ្នាំ២០២៦ និង• សប្តាហ៍ទី២៖ ថ្ងៃទី២៣–២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ការប្រកួតវគ្គជម្រុះចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ! ត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា វាយកូនបាល់យុវជនអន្តរជាតិរយៈពេលពីរសប្តាហ៍ នៅរាជធានីភ្នំពេញ!ចំណែកព្រឹត្តិការណ៍ ITF World Tennis Tour Juniors – J30 Phnom Penh នឹងនាំមកនូវកីឡាករ និងកីឡាការិនីវ័យក្មេង ដែលមានទេពកោសល្យពីបណ្តាប្រទេសនានា មកចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមពិន្ទុចំណាត់ថ្នាក់អន្តរជាតិ៕

ដោយ៖លី ភីលីព
