ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំ SEA GAMES ឆ្នាំ២០២៣ (CAMSOC) នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំ ការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តថវិកា គាំទ្ររបស់សហព័ន្ធជាតិ ឆមាសទី១ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ចលនាអូឡាំពិកគាំទ្រ និងចូលរួមចំណែកក្នុងការពង្រឹង ឲ្យយន្តការនេះមានប្រសិទ្ធភាព ហើយការដឹកនាំគេសង្កត់ធ្ងន់ ទៅលើអភិបាលកិច្ចល្អ និងក្រឡាភាព សហព័ន្ធកីឡាជាតិ ត្រូវយកគោលការណ៍អូឡាំពិក ដែលបានចែងនេះ ដើម្បីទទួលបានការគាំទ្រ ពីរដ្ឋាភិបាល ដៃគូក្នុងការអភិឌ្ឍន៍អង្គការ សង្គមកីឡា ។
កីឡាយើងបើគ្មានការគាំទ្រ យើងនឹងបាត់បង់ការរីកចម្រើន ដូច្នេះសហព័ន្ធកីឡាជាតិ ចែកចេញជា២របរ គឺការងាររដ្ឋបាល និងប្រជុំ។
លោកបានបន្តថា សហព័ន្ធកីឡាជាតិទាំងអស់ បានចែងថា របរប្រជុំរបស់សហព័ន្ធកីឡាជាតិ រយៈពេល៣ខែប្រជុំម្តង ប៉ុន្តែសហព័ន្ធកីឡាជាតិ ភាពច្រើនមិនបានធ្វើតាមឡើយ ។ សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវពង្រឹងឡើងវិញ ពីព្រោះកិច្ចប្រជុំមានសារសំខាន់ ដោយសារកីឡាយើងសុទ្ធតែធ្វើការ ដោយសស្ម័គ្រចិត្ត ។
លោក ស សុខា ក៏បានមាន ប្រសាសន៍ថា រយៈពេល១ឆ្នាំ៦ខែ សហព័ន្ធកីឡាជាតិមួយចំនួន នៅមិនទាន់ធ្វើរបាយការណ៍ ជូនឡើយ ដូច្នេះប្រសិនសហព័ន្ធ កីឡាជាតិ ទំាងនោះ នៅតែមិនទាន់ធ្វើរបាយការណ៍ និងសកម្មភាព របស់ខ្លួន មិនគួរឲ្យបន្តដើរ ជាមួយក្រសួងអប់រំ យុវជន និងកីឡាទៀតទេ ។ ចំណុចទី២ សហព័ន្ធកីឡាជាតិមួយចំនួន នៅតែមានគំនិត ក្នុងការយល់ថា បង្កើតសហព័ន្ធនឹងទទួលបានថវិកា ពីក្រសួងហើយ តាមពិតថវិកា ឧបត្ថម្ភនេះគ្រាន់តែឧបត្ថម្ភ ដើម្បីជួយដើរក្នុងសហព័ន្ធ៕ដោយ៖លី ភីលីព




