ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់​ ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ៣លាននាក់

តូក្យូ ៖ ចំនួនអ្នកស្លាប់ជាសកល ពីជំងឺរាតត្បាតកូវីដ-១៩ បានឡើងដល់ជាង ៣ លាននាក់ហើយ ជាមួយនឹងល្បឿន នៃការកើនឡើងពីពាក់កណ្តាលខែមីនា ក្នុងនោះអាមេរិក នៅតែជាប្រទេសរងគ្រោះខ្លាំងជាងគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ។

យោងតាមទិន្នន័យ របស់សាកលវិទ្យាល័យ អាមេរិក បានបង្ហាញថា ចំនួនករណីឆ្លង ដែលត្រូវបានបញ្ជាក់ នៅលើពិភពលោក បានកើនឡើងដល់ ១៤០ លាននាក់ ទោះបីជាមានការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោកក៏ដោយ ។

សហរដ្ឋអាមេរិក បានរាយការណ៍ថា មានករណីជាង ៣១ លានករណី ដែលមានមនុស្ស ស្លាប់ប្រមាណ ៥៦៦,០០០ នាក់ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេស ដែលរងគ្រោះខ្លាំងជាងគេ នៅលើពិភពលោក ។

ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក ត្រូវបានអមដោយចំនួនជាង ៣៦៨,០០០ នាក់ នៅក្នុងប្រទេសប្រេស៊ីល និងចំនួន ២១១,០០០ នាក់នៅម៉ិកស៊ិក និង ១៧៥។០០០ នាក់ នៅក្នុងប្រទេសឥណ្ឌា ហើយចំនួនអ្នកស្លាប់ នៅជប៉ុន កើនដល់ ៩,៥០០ នាក់។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោក មានលើសពី ២ លាននាក់នៅត្រឹមថ្ងៃទី១៥ ខែមករា បន្ទាប់ពីមានសេចក្ដីរាយការណ៍ចំនួន ១ លាននាក់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំមុន ហើយបច្ចុប្បន្នកើនឡើង ដល់ជាង ៣លាននាក់៕

ដោយ ឈូក បូរ៉ា

Most Popular

To Top