បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Amazon ត្រូវបានគេជឿជាក់ថា នឹងធ្វើការជួលយក បុគ្គលិកបន្ថែមទៀត ប្រមាណជា១០ ០០០នាក់ទៀត នៅក្នុងប្រទេសអង់គ្លេស ដើម្បីបំពេញតាមតំរូវការដ៏ច្រើន នៃទំនិញអនឡាញ ក្នុងពេលវិបត្តិកូវីដនេះ។
ប្រភពដដែលបានឲ្យដឹងដែរថា តួនាទីដែលភាគច្រើន នឹងទទួលបានគឺនៅទីក្រុង Cambridge, Edinburgh, London និង Manchester ផងដែរ ហើយក៏បានបញ្ជាក់ អំពីជំនឿជាក់របស់អ្នកវិនិយោគ មកលើសេដ្ឋកិច្ច របស់អង់គ្លេស។
ទោះបីជាយ៉ាងណាក្តី មួយរយៈចុងក្រោយនេះ Amazon បានទទួលរងការ រិះគន់យ៉ាងខ្លាំង អំពីបញ្ហាលក្ខខណ្ឌការងារ របស់បុគ្គលិករបស់ខ្លួន ព្រមទាំងបញ្ហាប្រាក់ពន្ធផងដែរ។
គួរឲ្យដឹងដែរថា Amazon ក្រោយចំនួនបុគ្គលិកថ្មីនេះ មានន័យថាចំនួនការងារសរុប នៅក្នុងអង់គ្លេស គឺមានរហូតទៅដល់៥៥ ០០០កន្លែង គិតត្រឹមចុងឆ្នាំ ហើយក្នុងនោះជាមធ្យម ខ្លួនចំណាយប្រាក់ ប្រមាណជា ៩,៧ ផោនក្នុងមួយម៉ោង លើកលែងតែនៅទីក្រុង London ទទួលបាន១០,៨០ផោន ក្នុងមួយម៉ោង៕ ប្រែសម្រួល៖ស៊ុនលី