ព័ត៌មានអន្តរជាតិ

ប្រេសិតកូរ៉េខាងជើង ស្នើឲ្យមាន សហប្រតិបត្តិការ ជាមួយរុស្ស៊ី ដើម្បីទប់ទល់ នឹងអាមេរិក

បរទេស៖ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្ស៊ី បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា កូរ៉េខាងជើងមានបំណងពង្រឹងសហប្រតិបត្តិការជាមួយរុស្ស៊ី ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក ហើយសន្តិភាពលើឧបទ្វីបកូរ៉េ នឹងមិនអាចទៅរួចនោះទេ រហូតដល់កងទ័ពអាមេរិកត្រូវបានដកចេញ។

ការថ្លែងរបស់លោកឯកអគ្គរដ្ឋទូត Sin Hong-chol នេះ គឺត្រូវបានធ្វើឡើង ក្រោយថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង បានធ្វើការព្រមាននៅសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងប្រឈមមុខចំពោះផលប៉ះពាល់សម្រាប់ការសម្រេចចិត្តរបស់ពួកគេ បន្តធ្វើសហសមយុទ្ធយោធាប្រចាំឆ្នាំ។

នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ លោកបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា សមយុទ្ធទាំងនោះ គឺជាការហាត់សមសម្រាប់សង្គ្រាម និងបង្ហាញថា សហរដ្ឋអាមេរិក គឺត្រូវទទួលខុសត្រូវចំពោះការធ្វើឲ្យស្ថានភាពគ្មានស្ថិរភាព។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily Sabah ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើងរូបនេះ បានមានប្រសាសន៍ដូច្នេះថា “យើងក៏នឹងជំរុញបង្កើនសហប្រតិបត្តិការ រវាងប្រទេសកូរ៉េខាងជើងនិងប្រទេសរុស្ស៊ី ជាមួយទស្សនៈទប់ទល់នឹសងសហរដ្ឋអាមេរិក ដែលជាការគម្រាមកំហែងរួមគ្នា”៕

Most Popular

To Top