បរទេស៖ ព័ត៌មាននេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការបំផ្ទុះចំនួន២ដ៏សាហាវ ដែលបានសម្លាប់មនុស្សជិត ២០០ នាក់រួមទាំងទាហានអាមេរិក ១៣ នាក់ ផងដែរ នៅខាងក្រៅអាកាសយានដ្ឋានកាប៊ុល។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយមុននេះថា ការវាយប្រហារភេរវកម្មផ្សេងទៀត អាចនឹងកើតឡើងនៅទីក្រុងកាប៊ុល ក្នុងរយៈពេល ៣៦ ម៉ោងខាងមុខនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពព័ត៌មានរបស់អាហ្វហ្គានីស្ថានឈ្មោះ Ariana News បានរាយការណ៍ថា មនុស្ស ៦ នាក់ រួមទាំងអនីតិជន ៤ នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាស ដែលបានវាយប្រហារទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ ដោយយោងតាមសាក្សីឃើញផ្ទាល់ភ្នែក ហើយមនុស្ស ៤នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ។
មុននេះ មន្រ្តីអាមេរិកបាននិយាយថា ការវាយប្រហារតាមអាកាសនេះ បានកំណត់គោលដៅទៅលើក្រុមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួកឧទ្ទាម Daesh ជាច្រើននាក់ ដែលត្រូវបានគេជឿជាក់ថា កំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល ខណៈកិច្ចខិតខំប្រឹងប្រែងជម្លៀសជនជាតិអាមេរិកនៅតែបន្ត។ មន្រ្តីអាមេរិករូបនេះបានបន្ថែមថា ការគំរាមកំហែងនេះ ត្រូវបានលុបបំបាត់ចោល វិញផងដែរ។
មន្ទីរប៉ង់តាហ្គោនបាននិយាយថា រថយន្តមួយគ្រឿងដែលត្រូវបានបំផ្លាញដោយការវាយប្រហារតាមយន្តហោះនោះ បានផ្ទុកនូវគ្រឿងផ្ទុះជាច្រើន៕ប្រែសម្រួលៈ ណៃ តុលា