The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិក្រូអាត Nikolas Vlasic ដែលកំពុងលេងនៅលីគកំពូល របស់ប្រទេសរុស្សីឲ្យ ក្លឹប CSKA Moscow នោះនឹងអាចធ្វើដំណើរមកអង់គ្លេស ដើម្បីចូលរួមជាមួយនឹងក្លឹប West Ham នៅមុនថ្ងៃកំណត់ចុងក្រោយនៃរដូវកាលដោះដូរកីឡាករ រដូវក្តៅនេះជាមិនខាន។
ប្រភពដដែលបានសរសេរទៀតថា ក្លឹបញញួរធំ West Ham គឺបានត្រៀមខ្លួននិងកៀកមែនទែនហើយ ទៅនឹងការចុះកុងត្រាតម្លៃខ្លួនប្រមាណជា៣០លានអ៊ឺរ៉ូដើម្បី នាំយក Vlasic មករួមក្លឹបនៅក្រោយពេលដែលក្លឹប បានបរាជ័យក្នុងការចរចានាំយក Jesse Lingardពីក្លឹបបិសាចក្រហម Man UTD។
គួរឲ្យដឹងដែរថា Lingard បានបង្ហាញទំរង់យ៉ាងល្អឥតខ្ជោះក្នុងរយៈពេល៦ខែ ជាមួយនឹង West Ham កាលពីរដូវកាលហើយ គ្រូបង្វឹករបស់ West Ham លោក David Moyes ក៏មិនដែលបានលាក់បាំងដែរថា គាត់ចង់បាន Lingard ដែលមានវ័យ២៨ឆ្នាំរូបនេះ ជាការកីឡាកររបស់ក្លឹបតែម្តង៕ប្រែសម្រួល៖ស៊ុនលី