បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសប៉ូឡូញ នៅថ្ងៃពុធនេះបានប្រកាសថា យោធារបស់ខ្លួន នៅពេលនេះមានចំនួន៦០០០នាក់ហើយ ដែលកំពុងមានវត្តមាន នៅព្រំដែនក្បែរទៅនឹង ប្រទេសបេឡារូស ដើម្បីរឹតបន្តឹងសន្តិសុខ ជាពិសេសប្រឈមមុខ នឹងបញ្ហាអន្តោប្រវេសខុសច្បាប់។
ការដាក់ពង្រាយទ័ពចុងក្រោយនេះ ធ្វើឡើងដល់ទៅ២ដង នៅក្រោយពេលដែល រដ្ឋមន្ត្រីការពារជាតិ លោក Mariusz Blaszczak កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ បានអះអាងថាចំនួនយោធា នៅព្រំដែនបេឡារូស មានត្រឹមតែ៣០០០នាក់ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះ ឆ្មាំការពារព្រំដែន នៃប្រទេសប៉ូឡូញបានបញ្ជាក់ថា មានករណីប៉ុនប៉ងលួចឆ្លងព្រំដែនខុសច្បាប់ ដល់ទៅ៦១២ដង ដែលសុទ្ធតែជាករណីខុសច្បាប់។
ប្រទេសប៉ូឡូញក៏ធ្លាប់បានប្រកាស ដាក់រដ្ឋក្នុងកម្រិតប្រកាសអាសន្នផងដែរ ចំពោះបញ្ហានៅក្នុងតំបន់ព្រំដែននេះ ហើយថែមទាំងបង្ហាញពីផែនការ ក្នុងការសាងសង់ជញ្ជាំងព្រំដែន ជាមួយនឹងបេឡារូសផងដែរ៕ ប្រែសម្រួល៖ស៊ុនលី