សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថា ប្រទេសសិង្ហបុរី បានរាយការណ៍ ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន៣.១៧៤នាក់ គិតត្រឹមថ្ងៃចន្ទ នាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើង ដល់១៧៥.៨១៨នាក់ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងចំណោមករណីថ្មី ចំនួន២.៨៤៣នាក់ បានរកឃើញថា ជាអ្នកឆ្លងជំងឺក្នុងសហគមន៍ និង៣២២នាក់ ជាកម្មករអន្តោប្រវេសន៍ ស្នាក់នៅកន្លែងធ្វើការ និង៩នាក់ ជាអ្នកនាំចូលពីខាងក្រៅ ។
សរុបអ្នកជំងឺកូវីដ-១៩ចំនួន១.៧៧៩នាក់ បច្ចុប្បន្ននេះកំពុងសម្រាកនៅមន្ទីរពេទ្យ ជាមួយគ្នានេះដែរ ចំនួន២៦១នាក់ត្រូវ ការអុកស៊ីសែនដើម្បីសម្រួល ដល់ការដកដង្ហើម ហើយចំនួន១០៧នាក់ ត្រូវបានបញ្ជូនទៅកាន់ បន្ទប់សង្គ្រោះបន្ទាន់ ICU និង៦៤នាក់ មានអាការៈធ្ងន់ធ្ងរ ។ សរុបអ្នកនៅក្នុងបន្ទប់ ICU គឺមានអត្រា៨៣,៦ភាគរយ ។
ចំនួនអ្នកស្លាប់បានកើនបន្ថែមទៀត ចំនួន១៤នាក់ ដោយសារជំងឺកូវីដ-១៩ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើង ដល់៣២៩ នាក់ ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា