បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រកាសគម្រោងប្រគល់ប្រាក់ ១០២លានដុល្លារ ដើម្បីពង្រីកភាពជាដៃគូ យុទ្ធសាស្ត្រសហរដ្ឋអាមេរិក ជាមួយសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងជំនួបកំពូល ជាមួយសមាគមនេះ នេះបើយោងតាមការនិយាយ ឲ្យដឹងពីសេតវិមាន។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Tassco នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា សេតវិមានបាននិយាយប្រាប់ថា មូលនិធិសហរដ្ឋអាមេរិកទាំងនោះ នឹងផ្តល់ដោយត្រង់សម្រាប់ គម្រោងសុខុមាលភាព អាកាសធាតុក្នុងតំបន់ ហិរញ្ញវត្ថុនិងកម្មវិធីអប់រំ។
សេតវិមានបានបន្តទៀតថា ក្នុងចំណោមប្រាក់ទាំងអស់នោះ ៤០លានដុល្លារនឹង ប្រើទៅលើគោលគំនិត ជួយដោះស្រាយបញ្ហា រាតត្បាតនៃជម្ងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងពង្រឹងសមត្ថភាពអាស៊ាន ក្នុងការទប់ស្កាត់ ពិនិត្យរក និងឆ្លើយតបទៅនឹងការ ផ្ទុះនៃជម្ងឺឆ្លងនាពេលអនាគត។
ចំណែកទឹកប្រាក់២០,៥លានដុល្លារ នឹងប្រើសម្រាប់ជួយដោះស្រាយ គ្រោះមហន្តរាយអាកាសធាតុក្នុងតំបន់ និងជួយដល់សហប្រតិបត្តិការ លើពាណិជ្ជកម្មនិងការឆ្នៃប្រឌិត ដោយទឹកប្រាក់ដល់ទៅ ២០លានដុល្លារផ្សេងទៀត ចំណែកក្រៅពីនេះ ប្រាក់ចំនួន ១៧,៥លានដុល្លារ មានគោលដៅលើវិស័យអប់រំ និងប្រាក់ ៤លានដុល្លារ ប្រើសម្រាប់លើកកម្ពស់ សមភាពយេនឌ័រនិងយុត្តិធម៌ ៕
ប្រែសម្រួល៖ ប៉ាង កុង