បរទេស៖ ឥណ្ឌាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងតម្លៃ 5.43 ពាន់លានដុល្លារជាមួយរុស្ស៊ី ក្នុងឆ្នាំ 2018 សម្រាប់ការចែកចាយមីស៊ីល S-400 ចំនួន 5 នៅឆ្នាំ 2023។ កិច្ចព្រមព្រៀងនេះ មិនទាន់បានភាពល្អក់កករ ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបានដាក់ទណ្ឌកម្មសម្ព័ន្ធមិត្តណាតូ របស់ខ្លួនរួចជាស្រេច នោះគឺប្រទេសតួកគី ជុំវិញការទិញសព្វាវុធ ប្រព័ន្ធប្រឆាំងយន្តហោះពីរុស្សី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាអាមេរិក និងក្រុមដែលមានឥទ្ធិពលរបស់ឥណ្ឌា រួមមានលោក Mark Warner (D-VA) និង John Cornyn (R-TX) បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើកលែងទណ្ឌកម្មដែល អាចកើតមានប្រឆាំងនឹងឥណ្ឌា ជុំវិញការទិញមីស៊ីលប្រឆាំងយន្តហោះ S-400 “Triumf” របស់រុស្ស៊ី។
លោក Warner និង លោក Cornyn បាននិយាយនៅក្នុងលិខិត មួយកាលពីថ្ងៃអង្គារថា “យើងមានការព្រួយបារម្ភថា ការផ្ទេរនាពេលខាងមុខ នៃប្រព័ន្ធទាំងនេះ នឹងបង្កឱ្យមានការដាក់ទណ្ឌកម្ម ក្រោមច្បាប់ប្រឆាំងសត្រូវរបស់អាមេរិក តាមរយៈច្បាប់ទណ្ឌកម្ម (CAATSA) … “។
ព្រឹទ្ធសមាជិកបានព្រមានថា “ការអនុវត្តទណ្ឌកម្ម CAATSA” លើប្រទេសឥណ្ឌាអាចជះឥទ្ធិពលអាក្រក់ ដល់ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ៕
ប្រែសម្រួលៈ ណៃ តុលា