ញូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា កុមារអាមេរិក អាយុពី៥ដល់១១ឆ្នាំ អាចនឹងឆាប់ទទួលបាន វ៉ាក់សាំងកូវីដ-១៩ ក្នុងកម្រិតទាប ដែលផលិត ដោយក្រុមហ៊ុន Pfizer-BioNTech ដែលផ្តល់អនុសាសន៍ ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) ដែលបានបោះឆ្នោត ជាឯកច្ឆ័ន្ទកាលពីថ្ងៃអង្គារ ដើម្បីណែនាំឲ្យធ្វើការចាក់ថ្នាំ បង្ការរោគ សម្រាប់ក្រុមអាយុ នេះដែលមានចំនួន ប្រហែល ២៨លាននាក់ ។
វិទ្យុសាធារណៈជាតិ (NPR) បានផ្សាយថា “ប្រសិនបើអនុសាសន៍ ត្រូវបានគាំទ្រដោយនាយក CDC លោកវេជ្ជបណ្ឌិត Rochelle Walensky ដូចដែលបានរំពឹងទុក កុមារអាចចាប់ផ្តើមទទួលការ ថ្នាំ របស់ពួកគេក្នុង រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។
វ៉ាក់សាំងនេះគឺ ១/៣ នៃដូសមនុស្សពេញវ័យ ហើយវ៉ាក់សាំង នឹងត្រូវចាក់ជា២ដូស ក្នុងរយៈពេល ៣សប្តាហ៍ដាច់ពីគ្នា ។
ក្រុមហ៊ុន Pfizer បានលើកឡើងថា កម្រិតទាបត្រូវបានជ្រើសរើស ដើម្បីកាត់បន្ថយផលប៉ះពាល់ និងនៅតែបង្កើតភាពស៊ាំខ្លាំងដដែល ។
ក្រសួងចំណីអាហារ និង ឪសថសហរដ្ឋអាមេរិក (FDA ) បានផ្តល់ការអនុញ្ញាតិ ឲ្យប្រើប្រាស់ជាបន្ទាន់នូវ វ៉ាក់សាំងនេះ ចំពោះក្មេងអាយុ៥ដល់១១ឆ្នាំ កាលពីថ្ងៃសុក្រ ។ ខាង FDA បានអនុញ្ញាត ឱ្យចាក់វ៉ាក់សាំង Pfizer កម្រិត១០មីក្រូក្រាមចំពោះកុមារតូចៗ។ ការចាក់វ៉ាក់សាំងនេះកាលពីដំបូងនោះ ដែលផ្តល់ឲ្យអ្នកដែលមានអាយុចាប់ពី១២ឆ្នាំឡើង ទៅគឺ៣០មីក្រូក្រាម ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ អ្នកសម្របសម្រួលការឆ្លើយ តបរបស់សេតវិមាន លោក Jeffrey Zients បានលើកឡើងថា រដ្ឋាភិបាលបានទិញវ៉ាក់សាំង កុមារកម្រិតទាបគ្រប់គ្រាន់ សម្រាប់មនុស្សគ្រប់គ្នា នៅក្នុងក្រុមអាយុនេះ ។
ទិន្នន័យចុងក្រោយរបស់ CDC បានបង្ហាញថា កុមារអាមេរិកាំង ចំនួន១៧២នាក់ ដែលមានអាយុពី៥ដល់១១ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយជាង៨.៣០០នាក់ ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ៕