ក្រុមហ៊ុន Toyota ទើបតែបញ្ចេញគំរូរថយន្តថ្មី របស់ខ្លួនម៉ូដែល Tacozilla ដែលជារថយន្តសម្រាប់ ការធ្វើដំណើរផ្សងព្រេង ពោលគឺអាចស្នាក់នៅ ក្នុងរថយន្តនេះ ដូចស្នាក់នៅក្នុងផ្ទះដែរ។
ការឌីហ្សាញរថយន្តនេះ គឺផ្អែកតាមរូបរាងដើមរបស់ Tacoma TRD Sport ដោយគ្រាន់តែកែច្នៃបន្ថែមទៀត នៅផ្នែកខាងក្រោយ ក្នុងការរៀបចំធ្វើជាជាម្រកស្នាក់នៅ ពេលធ្វើដំណើរផ្សងព្រេងឆ្ងាយៗ ឬហៅថា តង់លើរថយន្ត។
បើតាមវីដេអូ Concept របស់ Toyota ដែលបានបញ្ចេញក្នុងពិព័រណ៌ SEMA 2021 នៅ La Vegas សហរដ្ឋអាមេរិក បង្ហាញថា ក្នុងតង់រថយន្តនេះ គឺមានទ្វារបិទបើក សម្រាប់ចេញចូល ហើយមានធ្នើសម្រាប់គេង មានតុសម្រាប់ទទួលទានអាហារ ចង្ក្រាន ទូទឹកកក ម៉ាស៊ីនត្រជាក់ ឡាបូ បន្ទប់ទឹក និងទូរទស្សន៍ជាដើម។ វាក៏មានដំបូលកញ្ចក់ ដែលអ្នកអាចមើលផ្កាយពេលយប់បានទៀតផង។ ចំពោះមនុស្សដែលមានកម្ពស់លើសពី ១,៨០ម៉ែត្រ ក៏អាចដើរក្នុងតង់នេះបានផងដែរ។
Toyota Tacozilla ត្រូវបានឌីហ្សាញជាពណ៌ស មានឆ្នូត ៣ពណ៌ គឺលឿង ទឹកក្រូច និងទង់ដែង យកគំរូតាមពណ៌រថយន្តប្រភេទផ្សងព្រេងបែបនេះ ដែល Toyota បានផលិតក្នុងអំឡុងទសវត្សរ៍ទី ៦០ និង ៧០។
ដើម្បីបង្កភាពកាន់តែងាយស្រួលដល់ការ Off-road រថយន្ត Tacozilla ក៏បានបំពាក់ជាមួយ បូមកល់រថយន្តកម្ពស់ ២អ៉ីញ កង់ ១៧អ៉ីញ ជាមួយសំបកកង់ Grabber X3។ វាប្រើប្រាស់ម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ជាមួយប្រអប់លេខដៃ ៨វគ្គ។ កន្លែងចាក់សាំងនៃរថយន្ត មិនត្រូវបានដាក់នៅ ជាប់តង់នេះទេ ហើយអាគុយ ត្រូវបានដាក់នៅប្លុកម៉ាស៊ីនខាងមុខ ដែលសម្រាប់ផ្តល់ថាមពល ប្រើប្រាស់នានាក្នុងរថយន្ត។
យ៉ាងណាមិញ ក្រុមហ៊ុន Totyota មិនបានបញ្ជាក់ពីតម្លៃ និងផលិតនៅឆ្នាំណានោះទេ។ គេជឿជាក់ថា នៅពេលរថយន្តត្រូវបានផលិត និងបញ្ចេញលក់លើទីផ្សារ នឹងទទួលបានការពេញនិយមខ្លាំង ពិសេសអ្នកចូលចិត្តធ្វើដំណើរ ផ្សងព្រេងលើផ្លូវ Off-road ចូលព្រៃជាមិនខាន៕ Source: Sabay