ខ្សែបម្រើរបស់ក្រុម PSG គឺនាង Aminata Diallo ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់ហិង្សា ដោយការរៀបគម្រោងវាយលើមិត្តរួមក្រុមរបស់ខ្លួនរហូតដល់មានរបួសមិនអាចលេងបានគឺនាង Kheira Hamraoui កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅពេលល្ងាចថ្ងៃខែឆ្នាំខាងលើត្រូវបានគេរាយការណ៍ថា នាង Aminata Dialloនិងនាង Kheira Hamraoui បានឡើងឡានត្រឡប់ទៅផ្ទះក្រោយពេលត្រឡប់ពីហូបអាហារពេលល្ងាច ដែលរៀបចំឡើងដោយ PSG ។ ក្រោយមកក៏មានបុរសពីនាក់បានបង្ហាញខ្លួន ដោយចាប់ទាញជើងនាង Kheira Hamraoui ចេញពីក្នុងឡានជាមួយការពាក់ម៉ាស់បិទមុខយ៉ាងជិត ហើយវាយត្រង់ជើងម្ដងហើយម្ដងទៀត រហូតធ្វើឲ្យនាងមានរបួស។
ក្រោយមកគេក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យភ្លាមនៅតំបន់ Poissy ក្បែរកន្លែងដែលគេបានវាយធ្វើបាបនាង។ ក្រោយពេលមានបញ្ហានេះកើតឡើងខ្សែបម្រើវ័យ៣១ឆ្នាំ Kheira Hamraoui មិនអាចចូលលេងបាន ទើបក្លឹបសម្រេចដាក់ឲ្យ Aminata Diallo ចូលលេងក្នុងជម្រើស១១នាក់ដំបូង ក្នុងជំនួបយកឈ្នះ Real Madrid ៤-០ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពានរង្វាន់ Women’s Champions League។
កីឡាការិនីទាំងពីរតែងប្រជែងជម្រើសដំបូងដូចគ្នាក្នុងក្រុមជម្រើសជាតិ ដោយ Hamraoui ជាអតីតកីឡាការិនីឆ្នើមរបស់ក្លឹប Lyon និង Barcelona ដែលត្រូវបានក្រុមបាល់ទាត់នារីបារាំងកោះហៅចូលជម្រើសជាតិកាលពីខែតុលា។ ប៉ុន្តែក្រោយពេលរងរបួសកំភួនជើងគេក៏សម្រេកដកនាងចេញ ដោយដាក់ Diallo ឲ្យចូលជំនួសវិញ៕
