សេដ្ឋកិច្ច​ និង អចលនទ្រព្យ

គម្រោង​សាងសង់ ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍ ​ចំរុះ​បានរហូតដល់២០ឆ្នាំ

ភ្នំពេញៈ គម្រោង​សាងសង់​ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៅតែ​បន្ត​ដំណើរការ​ទៅមុខ បើទោះបី​កម្ពុជា​កំពុង​ប្រឈម ​ទៅនឹង​វិបត្តិ​ជំ​ង​កូ​វីដ១៩យ៉ាងណាក្តី ហើយ​នៅពេល​សាងសង់​បញ្ចប់​ផ្លូវ​នេះ អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍​ចំរុះ ​បាន​រហូតដល់២០ឆ្នាំ ខណៈ​បច្ចុប្បន្ននេះ សម្រេចបាន​លទ្ធផល​ប្រមាណ​ជាង៤០ភាគរយ ។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​កន្លងមកនេះ ថា គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី ៣នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ហើយ​ក្រុមហ៊ុន​ចិន​ជាធម្មតា គឺ​អនុវត្ត​លឿន ជាង ការរំពឹងទុក ដែល​រហូតមក​ដល់ពេលនេះ ជា​លទ្ធផល​នៃ​ការសាងសង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នៅតែ​បន្តដំណើរ​ទៅមុខ។

លោក​បន្តថា “យើង​បាន​ពិនិត្យឃើញថា ក្រុមហ៊ុន​សាងសង់​បាន​គោរព​តាម​បទ​ដ្ឋា ន​ស្តង់ដារ ទាំង​គុណភាព​បេតុង នៃ​ទម្រ​ជើង​សសរស្ពាន​អាកាស រួមទាំង​គុណភាព​ផ្លូវ អាច​ទ្រទ្រង់​ទម្ងន់​យាន​ចរាចរណ៍​ចំរុះ​បាន​រហូតដល់២០ឆ្នាំ ស្របទៅតាម​ផែនការមេ” ។

លោក​បន្តថា “ផ្លូវ​ដ៏​សំខាន់​នេះ​នឹង​ជួយ​សម្រួល ដល់​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង ជាពិសេស​ផ្លូវ​វេ​ង​ស្រេង ផ្លូវ​ទួល​ពង្រ ហើយ​ថែមទាំង​ជួយ​សម្រួល ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ត្រង់ ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់​តំបន់​ព្រំដែន​ក្រុង​បាវិត ដោយ​បំបែកចេញ ពី​ចំណុច​ដើមផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៃ​ផ្លូវជាតិ​លេខ៤ នឹង​ចុះទៅ​កាន់​ផ្លូវជាតិ​លេខ១” ។

លោក​បញ្ជាក់​ទៀ​ថា រាល់​គម្រោង​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទាំងអស់ នៅ​កម្ពុជា ជាពិសេស​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នាពេល​បច្ចុប្បន្ននេះ កំពុងដំណើរការ​ដោយ​រលូន និង​អាច​បញ្ចប់​ទៅតាម​ផែនការ និង​ការគ្រោងទុក។

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣ គឺជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ការកកស្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ម្យ៉ាងទៀត​គឺជា​ការតភ្ជាប់​ផ្ទៃក្នុង និង​សមាហរណកម្ម​តំបន់ ពិសេស​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ និង​ផ្លូវ​របៀង​សេដ្ឋកិច្ចសំខាន់ៗ របស់​មហា​អនុតំបន់​មេគង្គ។ រួមចំណែក​ក្នុងការ​សម្រួល​ការដឹក​ជញ្ជូន ឆ្លងកាត់​ព្រំដែន ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រែក្លាយ​ទឹកដី ដែល​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ក្រុង​នេះ ទៅជា​តំបន់​អភិវឌ្ឍ​ថែមទៀត​ផង។

ផ្លូវ​នេះ​មួយ​ខ្សែ​នេះ ត្រូវ​ស្ថាបនា​ផ្លូវ​ដោយមាន​ប្រវែង​សរុប៤៧.៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ៤គន្លង ដោយមាន​ទទឹង​តួ​ផ្លូវ​សរុប២៥ម៉ែត្រ សម្រាប់​ផ្លូវ​រថយន្ត៤គន្លង មាន​ទទឹង៣.៥០ម៉ែត្រ /គន្លង និង​ផ្លូវ​ទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយ​ចាប់ ពី​ផ្លូវជាតិ​លេខ៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+ ១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ១ ត្រង់​គីឡូម៉ែត្រ​លេខ២៤+៨៤០ ដោយ​ត្រូវ​ង​កាត់​ផ្លូវជាតិ​លេខ ៣ត្រង់ ចំណុច​គីឡូម៉ែត្រ លេខ២១+២០០កាត់​ផ្លូវជាតិ​លេខ២ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២២+៨០០ និង​កាត់​ផ្លូវ ជាតិ​លេខ២១ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៨+ ៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង ៥.៣៧គីឡូម៉ែត្រ៕

ដោយ ៖ propertyarea

Most Popular

To Top