សេដ្ឋកិច្ច​

ប្រទេសដំបូងគេលើលោក ទទួលស្គាល់ Bitcoin ជាលុយស្របច្បាប់

លោកប្រធានាធិបតី Nayib Bukele នៃប្រទេស El Salvador បានទទួលស្គាល់ Bitcoin ជារូបិយបណ្ណឌីជីថល​ ស្របច្បាប់ ដោយទទួលបានសំឡេងគាំទ្រ ៦២/៨៤ នៃរដ្ឋសភា កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅ។

មិនតែប៉ុណ្ណោះនៅខែដដែល ថ្ងៃទី២៥ ប្រធានាធិបតីខាងលើ បាននិយាយថា រដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន ៣០ដុល្លារជា Bitcoin ទៅដល់ពលរដ្ឋពេញវ័យគ្រប់ៗគ្នា ប៉ុន្ដែតម្រូវឱ្យពួកគេប្រើប្រាស់ កម្មវិធី Bitcoin Wallet របស់រដ្ឋផ្ទាល់តែម្ដង។

មកដល់ពេលព្រឹក ថ្ងៃទី៧ ខែកញ្ញា ប្រធានាធិបតី លោក Nayib Bukele បានប្រកាសលើ Twitter ថា ប្រទេសរបស់លោកទើបទិញ Bitcoin ចំនួន ២០០កាក់ ដោយសរុបទៅកំពុងកាន់កាប់ កាក់ Bitcoin ៤០០កាក់ ឬស្មើនឹងទឹកប្រាក់ ប្រមាណ ១៨លានដុល្លារ។ ដោយឡែក នៅថ្ងៃដដែល លោកក៏ប្រកាសថាបានទិញ Bitcoin ១៥០កាក់ បន្ថែមទៀតផង។

El Salvador បានក្លាយជាប្រទេសដំបូងគេ ដែលគាំទ្រលុយឌីជីថល ដែលនិន្នាការនេះធ្វើឱ្យមានការគាំទ្រជាច្រើន ពីបណ្ដាអ្នកប្រើបណ្ដាញសង្គម និងសារព័ត៌មានអន្តរជាតិ។ ពួកគេយល់ថា វាជារឿងដ៏អស្ចារ្យ សម្រាប់ទីផ្សារលុយឌីជីថល ហើយបើសិនជា Bitcoin ស្របច្បាប់ទទួលជោគជ័យ ពិតណាស់ នឹងមានប្រទេសជាច្រើន ដើរតាមដានជើង ប្រទេសមួយនេះជាមិនខាន។

លោកប្រធានាធិបតី Nayib Bukele បាននិយាយថា ការប្រើប្រាស់ Bitcoin នឹងជួយសម្រួលដល់ជនចំណាកស្រុក របស់ប្រទេសនេះ ពេលផ្ទេរប្រាក់ត្រលប់មកផ្ទះវិញ ក្រៅពីនេះ វាក៏ជាឱកាសដើម្បីពង្រឹង សមាហរណកម្មហិរញ្ញវត្ថុ លើកកម្ពស់ការវិនិយោគទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

គួរដឹងថា ច្បាប់ដែលទទួលស្គាល់ Bitcoin ជារូបិយបណ្ណស្របច្បាប់របស់ ប្រទេស El Salvador នឹងចូលជាធរមានចាប់ពី ថ្ងៃទី៧ ខែកញ្ញា ឆ្នា២០២១ នេះតទៅ ហើយវាក៏ជាថ្ងៃប្រវត្តិសាស្ត្រនៃ លុយឌីជីថល សម្រាប់ពិភពលោកផងដែរ៕ ប្រភព​៖ សប្បាយ

Most Popular

To Top