ព័ត៌មានអន្តរជាតិ

សោកស្ដាយណាស់ តារាជើងចាស់ហុងកុងម្នាក់ទៀតគឺ លោក Liu Kai Chi បានទទួលមរណភាពហើយ

តារាសម្ដែង​ហុងកុងវ័យ ៦៦ឆ្នាំ លោក Liu Kai Chi បាន​ទទួល​មរណភាពហើយ កាល​ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រោយជំងឺមហារីកក្រពះ ធ្វើទុក្ខខ្លាំង​តាំងពី​ខែធ្នូ ឆ្នាំមុនមក ។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន តារាជើងចាស់រូបនេះ បាន​លាចាកលោកហើយ នៅមន្ទីរពេទ្យ Prince of Wales Hospital ប្រចាំហុងកុង ដោយបន្សល់ទុកនូវ ការអាឡោះអាល័យ ក្រៃលែងពីគ្រួសារ មិត្តភ័ក្តិ និងអ្នក​គាំទ្រ។

ទោះបី​មាន​ការ​មើលថែ ដិតដល់ពីភរិយាជាទីស្រឡាញ់ គឺ​តារាសម្ដែង Barbara Chan Man Yee ព្រមទាំងកូនប្រុសទាំង ២ និងមាន​ការ​យកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ យ៉ាងណា​​ក្ដី ប៉ុន្តែដោយសារសភាព​ជំងឺ​ របស់លោកដាប​ខ្លាំង​ ទើប​មិនអាច​សង្គ្រោះបាន។

ទាក់ទងនឹង​ដំណឹង​មរណភាព ​របស់លោក ខាងផលិតកម្ម​បាន​និយាយថា​ ក្រុមគ្រួសារលោកសូមថ្លែង​អំណរគុណ ចំពោះ​បុគ្គលិកមន្ទីរពេទ្យ ដែល​បាន​ចំណាយពេល​មើលថែ យ៉ាងយកចិត្តទុកដាក់ចំពោះ​លោក Liu កន្លងមកនេះ ហើយក៏អរគុណ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ និងមហាជន​ដែល​បារម្ភ និងចង់ដឹង​ពីស្ថានភាព​របស់តារា​ប្រុសរូបនេះ​កន្លងមក ៕ sabay

Most Popular

To Top