សិល្បៈ និង កម្សាន្ត

“វត្តភ្នំដូនពេញ” ​ជា​សំណង់សាសនា​​​ ដែលមាន​កម្ពស់ខ្ពស់​ជាង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ និងមានប្រវត្តិ តាំងពីសម័យកណ្ដាល

វត្ត​ភ្នំ ​ គឺជា​បេះដូង​ នៃ​ទីក្រុងភ្នំពេញ ដែល​ផ្តល់​ឈ្មោះ ​ដល់​ទី​ក្រុង​នេះ ដោយមានកម្ពស់ ២៧ម៉ែត្រ​ស្ថាបនា​ឡើង ​នៅ​ឆ្នាំ​១៣៧៣ និង​ជា​សំណង់សាសនា​ ដែល​មាន​កម្ពស់ ខ្ពស់​ជាង​គេ​ក្នុង រាជធានី​ភ្នំពេញ។

មាន​រឿង​ព្រេង​មួយ​តំណាល​ថា មាន​ស្រ្តី​មេមាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃ​មួយ​បាន​ដើរ​លេង​តាម​ដង​ ទន្លេមេគង្គ ក៏​បាន​ឃើញ​ដើម​គគី​មួយ​ដណ្តែត​ជិត​ច្រាំង​ទន្លេ គាត់​ក៏​បាន​ហៅ​អ្នក​ជិត​ខាង​ មក​ជួយ​ទាញ​យក​ដើម​គគី​នោះ។ នៅ​ក្នុង​ដើម​គគី​នោះ គាត់​ក៏​បាន​រក​ឃើញ​ពុទ្ធដិ​មាដ៏​មាន​តំលៃ ​ចំនួន​៤អង្គ។ ក្នុង​ឆ្នាំ ១៣៧២ គាត់​ក៏​នាំ​អ្នកស្រុក​ពូន​ជា​ភ្នំ និង សាង​សង់​វិហារ​មួយ​ ដើម្បី​តម្កល់​ពុទ្ធដិមានោះ។ នៅ​ឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បាន​មក​ដល់​ទី​នេះ ហើយ​បាន​កសាង​ទីក្រុង​មួយ ​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នោះ។

នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ មាន​ចេតិយធំ​មួយ ​នៅ​ក្រោយ​ព្រះវិហារ ដែល​តំកល់​ព្រះធាតុ​ របស់ព្រះបាទ​ពញាយ៉ាត និង​ ចេតីយ៏​សំរាប់​តំកល់​ព្រះធាតុ ​របស់​ព្រះញាតិវង្ស​ព្រះអង្គ។ នៅ​ក្នុង​ចេតិយនោះ នៅ​មាន​សល់​បដិមា​ព្រះពុទ្ធ​ នៅ​សម័យ​អង្គរផង​ដែរ។ ចេតិយ និង ព្រះវិហារ នៅ​វត្តភ្នំ បាន​កសាង​ជាច្រើន​ដង គឺ​នៅ​ឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែល​ពី​ម្តង​ទៅ​ម្តង​កាន់​តែ​ធ្វើ​ឲ្យ​វា​មានសម្រស់ប្រសើរ​ឡើងៗ៕ Source: Sabay

Most Popular

To Top