សិល្បៈ និង កម្សាន្ត

ដូចការរំពឹងទុកមែន! ទីបំផុតគូស្នេហ៍ តារារួមទ្រនំមួយគូនេះ ភ្ជាប់ពាក្យព្រឹកនេះហើយ

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីពីរដួង នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលកន្លងមកទស្សនិកជន បានដឹងរួចមកហើយថា កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ ស្រាប់តែថ្ងៃនេះគេទាំងពីរនាក់ បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។ 

គូស្នេហាតារារួមទ្រនំ ទាំងពីរដួងខាងលើនេះផងដែរ គ្មាននរណាក្រៅតែពីលោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ឡើយ ដោយពួកគេបានមានទំនាក់ទំនងស្នេហាជាមួយគ្នា យ៉ាងបើកចំហផ្ទុយពីតារាមួយមំនួន ដែលចូលចិត្តលាក់បាំងអំពីទំនាក់ទំនងស្នេហ៍ជាមួយគ្នា ។ 

ចាំបានថា សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ បានទម្លាយអំពីទំនាក់ទំនងស្នេហា៍របស់ពួកគេ តាមរយៈបណ្ដាញសង្គមកាលថ្ងៃ ទិវាក្ដីស្រឡាញ់ ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ។ ហើយចាប់តាំងពីពេលនោះ មកពួកគេក៏បានបង្ហាញសកម្មភាពផ្អែមល្ហែម អនុស្សាវរីយ៍ល្អៗជាមួយគ្នា​ រហូតធ្វើឱ្យអ្នកគាំទ្រចង់ឃើញចំណងស្នេហា របស់គេកាន់តែរឹងមាំ ពោលគឺរំពឹងថា ពួកអាចនឹងមានដំណឹងល្អឆាប់ៗ ។ 

ដូចការរំពឹងទុកមែន ទីបំផុតនាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ នេះ លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយបានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយធ្វើពិធីភ្ជាប់ពាក្យយ៉ាងធំមួយ ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ក៏ដូចជាតារារៀមច្បងជាច្រើនរូបផងដែរ ។ ហើយយ៉ាងណាមិញ Lookingtoday នៅមិនទាន់ទទួលបានព័ត៌មានថា តើអតីត​បេក្ខភាព​ប្រឡង​ The Voice Cambodia រដូវ​កាល​ទី​១ កញ្ញា  ប៉ាច គីមមួយ និង​តារាចម្រៀង​ប្រុស​ទ្រនំ​ភ្លេង​រីខ​ត ដែលជា​បុត្រ​សម្ព័ន្ធ​ផលិតកម្ម​ហង្ស​មាស លោក សយ រតនៈ នឹងរៀបការនៅថ្ងៃណាឡើយ ៕ ដោយ៖ ម៉ានី

Most Popular

To Top