សិល្បៈ និង កម្សាន្ត

សង្សារ ជីមមី ពោលពាក្យយ៉ាងមានអត្ថន័យ ខណៈកំពុងសាងភាព ផ្អែមល្ហែមលើទឹកដី សហរដ្ឋអាម៉េរិក

ពិធីការិនី ជីមមី និងគូស្នេហ៍ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបង្ហាញភាពផ្អែមល្ហែម ដាក់គ្នា ធ្វើឱ្យមហាជនលបលួចសរសើរអ្នកទាំងពីរមិនដាច់ពីមាត់ ខណៈគូស្នេហ៍ផ្សេងស្រលាញ់គ្នាមិនបានប៉ុន្មាន ឈ្លោះគ្នាបែកផ្សែង ប៉ុន្តែអ្នកទាំងពីរវិញ ស្រលាញ់គ្នាយូរកាន់តែល្អូកល្អិនលើសដើម។

ក្នុងដំណើរទេសចរណ៍ទៅកាន់ទឹកដី សហរដ្ឋអាម៉េរិក លើកនេះ អ្នកទាំងពីរក៏បង្ហាញ ភាពផ្អែមល្ហែមហើយរឹតតែធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកទៀតនោះ គឺពេញចិត្តទៅ លើសម្តីរបស់គូស្នេហ៍ ជីមមី ដែលលោកពោលពាក្យបង្កប់ដោយអត្ថន័យដាក់គូស្នេហ៍។

លោក រៀបរាប់ថា « មនុស្សស្រីអាក្រក់ឬល្អ កាចឬស្លូតគឺស្ថិតលើទង្វើរបស់បុរសដែលនាងស្រលាញ់ ។
អ្នកសាងឋានសួគ៌អោយនាងរស់នៅ , នាងនឹងក្លាយជាទេពអប្សរដ៏ស្រស់ស្អាត ហើយប្រណិបត្តិជាមួយអ្នកដូចអ្នកជាទេវបុត្រ ។

ខ្ញុំតែងតែផ្តល់អោយនាងនូវការថ្នាក់ថ្នម , ស្នាមញញឹម , នឹងក្តីស្រលាញ់ទាំងអស់ដែលខ្ញុំមាន ព្រោះនាងជាមនុស្សស្រីតែម្នាក់គត់ដែលក្លាហានដើរចូលមកប្រាប់ខ្ញុំថានាងស្រលាញ់ខ្ញុំតាំងពីថ្ងៃដែលខ្ញុំបាតដៃទទេរគ្មានអ្វីទាល់តែសោះ រកអនាគតកោះត្រើយមិនទាន់ឃើញ តែនាងនៅតែរក្សាក្តីស្រលាញ់មួយនេះចំពោះខ្ញុំរហូតមកទាំងដែលមានបុរសជាច្រើនតាមស្រលាញ់នាង។ ខ្ញុំតែងតែគិតក្នុងចិត្តថាថ្ងៃណាមួយពេលដែលខ្ញុំមានអ្វីគ្រប់យ៉ាង នាងគឺជាមនុស្សតែម្នាក់ដែលខ្ញុំនឹងប្រគល់គ្រប់យ៉ាងអោយនាងអោយសមនឹងតំលៃនៃការស្រលាញ់ នឹងអោយតំលៃមកកាន់ខ្ញុំ»។

លោកបន្តទៀតថា «ថ្ងៃនេះខ្ញុំកាន់ដៃនាងយ៉ាងណែន មើលនាងសើចយ៉ាងមានក្តីសុខ ។ អនាគតទៅជាយ៉ាងណាពួកយើងមើលមិនឃើញទេ តែថ្ងៃនេះបងបានប្រគល់គ្រប់យ៉ាងអោយអូនអស់ហើយ ហើយអរគុណអូនដែលសំលឹងមើលមកបងតែម្នាក់ ទោះបីជាមានមនុស្សប្រុសដែលល្អជាងបងជាច្រើនតាមស្រលាញ់អូន តែអូននៅតែធ្វើអោយបងដឹងថាក្តីស្រលាញ់របស់នារីម្នាក់នេះមុតមាំប៉ុណ្ណា»។

ជាមួយអារម្មណ៍ដែលលោក Cham Nou Jimmy បង្ហាញទៅកាន់គូស្នេហ៍ ក៏ធ្វើឱ្យអ្នកគាំទ្រពេញចិត្តនូវអ្វីដែលលោកបានលើកឡើង ហើយបានចែករំលែកជាច្រើនពាន់នាក់ ពេញចិត្តចំពោះសម្តីលោក៕ ដោយ​៖ ម៉ានី

Most Popular

To Top