សិល្បៈ និង កម្សាន្ត

សាយ បង្ហើបដំណឹងនឹងផ្តើម យុទ្ធនាការរត់រៃអង្គាសប្រាក់ជួយកុមារកម្ពុជាម្តងទៀត

ភ្នំពេញ៖ លោក អ៊ួន បឋម ហៅ សាយ បានធ្វើមហាជនសាទរយ៉ាងខ្លាំង ព្រោះកន្លងមក លោកបានផ្តួចផ្តើមយុទ្ធការ «រត់ ដើម្បី សប្បុរសធម៌ ជាមួយសាយ» ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា ខណៈលោកប្រកាសថាសុខភាពរបស់លោក បានប្រសើរឡើងវិញ លោកមានបំណងចង់ចាប់ផ្តើមបេសកម្មចាស់ម្តងទៀត។

តារាចម្រៀង សាយ បានឱ្យដឹងនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៩ កក្កដា ថា «រាងកាយខ្ញុំជាមកវិញ ក្នុងកម្រិតដែលអាចជាប្រយោជន៍ដល់សង្គមម្ដងទៀតហើយ ដូច្នេះចង់សួរយោបល់ អ្នករាល់គ្នាដើម្បីធ្វើការសម្រេចចិត្តហើយក៏សង្ឃឹមថានឹងមានការចូលរួមពីអ្នករាល់គ្នា»។ សាយ បន្តទៀតថា «បើពេលស្លាប់ទៅរាងកាយខ្ញុំគង់តែរលាយសាបសូន្យដដែល អ៊ីចឹងខ្ញុំនឹងបើរាងកាយខ្ញុំអោយជាប្រយោជន៍ដល់អ្នកដទៃខ្លះ ជាពិសេសគឺកុមារ»។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ លោក សាយ បានទទួលថវិកាពីសប្បុរសជនចំនួន ៤៧ ម៉ឺនដុល្លារ សម្រាប់ យក ទៅ ជួយ ដល់ មន្ទីរពេទ្យ កុមារ អង្គរ ក្រោមយុទ្ធការ «រត់ ដើម្បី សប្បុរសធម៌ ជាមួយសាយ» ដោយចំណាយពេល រត់ ជុំវិញ ប្រទេស កម្ពុជា ដែល មាន ចម្ងាយ ដី សរុប ប្រមាណ ២០០០គីឡូម៉ែត្រ ដោយ បាន ឆ្លង កាត់ចំនួន២២ រាជធានី ខេត្តក្រុង។ ក្នុងអំឡុងពេលរត់ សាយ ក៏បានជួបប្រទះបញ្ហាសុខភាព រហូតដល់រាងកាយមានសភាពស្គមស្គាង ប៉ុន្តែលោកស៊ូមិនថយដើម្បីសម្រេចគោលដៅដែលខ្លួនបានតាំងចិត្តជួយដល់កុមារកម្ពុជា៕ ដោយ៖ ម៉ានី

Most Popular

To Top