បរទេស៖ តារាចម្រៀងប៉ុបលំដាប់ពិភពលោក Taylor Swift វ័យ ៣៦ឆ្នាំ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងបានប្រកាសចេញបទចម្រៀងទោល (Single) ថ្មីមួយដែលមានចំណងជើងថា «Patient Zero»។ បទចម្រៀងនេះនឹងត្រូវចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បើយោងតាមការចេញផ្សាយពី The Hollywood Life ខណៈវីដេអូចម្រៀង MV នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MTV Video Music Awards (VMAs) នៅថ្ងៃទី២៧ ខែកញ្ញា។
មុនពេលការប្រកាសជាផ្លូវការ Taylor Swift តែងតែមានវិធីសាស្ត្រក្នុងការបង្កប់តម្រុយជូនអ្នកគាំទ្រ (Swifties) របស់នាង។ ថ្មីៗនេះ នាងបានធ្វើការផ្លាស់ប្តូរអក្សរ “O” ទៅជាលេខសូន្យ “0” នៅលើប្រវត្តិរូប (Bio) ក្នុងគណនី Instagram របស់នាង ក៏ដូចជានៅលើអត្ថបទចម្រៀងនៃអាល់ប៊ុម The Life of a Showgirl ក្នុង Apple Music និង Spotify ដែលជាការផ្តល់សញ្ញាថាបទចម្រៀង «Patient Zero» កំពុងតែខិតជិតមកដល់។
បទចម្រៀង «Patient Zero» គឺជាបទចម្រៀងថ្មីមួយក្នុងចំណោមបទចម្រៀងថ្មីទាំង៤ ដែលស្ថិតក្នុងអាល់ប៊ុមច្បាប់ពិសេស (Deluxe Edition) ដែលមានឈ្មោះថា «The Life of a Showgirl: The Encore» ដែលជាការអបអរសាទរខួបមួយឆ្នាំនៃអាល់ប៊ុមដើមរបស់នាង។
ទោះបីជាដំបូងឡើយ អ្នកគាំទ្រខ្លះសន្និដ្ឋានថាបទនេះអាចជារឿងទាក់ទងនឹងភាពយន្តថ្មីរបស់លោក Tom Cruise ដែលមានចំណងជើងថា Digger ក្តី ប៉ុន្តែយោងតាមអត្ថបទចម្រៀង (Lyrics) ដែលត្រូវបានបង្ហាញ គឺបានបញ្ជាក់ថា បទ «Patient Zero» និយាយរៀបរាប់ពីការឈឺចាប់ និងការដើរចេញពីទំនាក់ទំនងស្នេហាដែលពុល (Toxic Relationship)។ អ្នកគាំទ្រ និងអ្នកវិភាគតន្ត្រីជាច្រើនជឿជាក់យ៉ាងមុតមាំថា អត្ថន័យនៃបទនេះគឺមានទំនាក់ទំនងទៅនឹងរឿងរ៉ាវស្នេហាចាស់របស់នាងជាមួយអតីតមិត្តប្រុស គឺតារាសម្តែងអង់គ្លេស លោក Joe Alwyn ដែលពួកគេធ្លាប់បានទាក់ទងគ្នាអស់រយៈពេល ៦ឆ្នាំ។
គួររំលឹកផងដែរថា វីដេអូចម្រៀងបទ «Patient Zero» នេះ ត្រូវបានដឹកនាំសម្តែងដោយផ្ទាល់ពីសំណាក់ Taylor Swift ខ្លួនឯង ហើយថែមទាំងមានការចូលរួមសម្តែងដោយតារាហូលីវូដល្បីៗដូចជា Dakota Johnson និង Colin Farrell ផងដែរ។ នៅក្នុងកម្មវិធី MTV VMAs ខាងមុខនេះ ក្រៅពីការចាក់បញ្ចាំងវីដេអូចម្រៀងថ្មី តារាស្រីរូបនេះក៏នឹងត្រូវឡើងទទួលពានរង្វាន់កិត្តិយសជា «សិល្បករ-អ្នកដឹកនាំសម្តែង» (Artist-Director Award) ជាលើកដំបូងផងដែរ៕
ប្រែសម្រួល៖គិរី
