សិល្បៈ និង កម្សាន្ត

តារាសម្តែងជើងចាស់ ជនជាតិចិន លោក You Benchang ទទួលមរណភាពក្នុងវ័យ ៩៣ ឆ្នាំដោយសារជំងឺ

ចិន ៖ តារាសម្តែងជើងចាស់ជនជាតិចិន លោក You Benchang ដែលល្បីល្បាញបំផុត តាមរយៈការសម្តែងជាព្រះសង្ឃ Ji Gong ក្នុងរឿងភាគទូរទស្សន៍ដ៏ពេញនិយម ដែលមានចំណងជើងដូចគ្នានេះនាឆ្នាំ ១៩៨៥ បានទទួលមរណភាពដោយសារជំងឺក្នុងវ័យ ៩៣ ឆ្នាំ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី ២៤ ខែកញ្ញា បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia ។

ការសម្តែងរបស់លោក ដោយដើរតួនាទីជា Ji Gong ជាព្រះសង្ឃក្នុងរឿងព្រេងនិទានចិន និងត្រូវបានគេស្គាល់ថាជាអ្នកជួយជនក្រីក្រ ព្រមទាំងប្រឆាំងនឹងអំពើអយុត្តិធម៌នោះ បានក្លាយជាតួនាទីដ៏សំខាន់បំផុតក្នុងអាជីពរបស់លោក។ ការសម្តែងនេះបានធ្វើឲ្យលោកក្លាយជាតារាដែលគេស្គាល់ទូទាំងប្រទេសចិន និងទទួលបានពានរង្វាន់តារាសម្តែងឆ្នើម (Best Actor) នៅឯពិធីប្រគល់ពានរង្វាន់ China TV Golden Eagle Awards លើកទី ៤ ឆ្នាំ ១៩៨៦។

យោងតាមកាសែត China Daily បាននិយាយថា លោក You កើតនៅទីក្រុង Taizhou ខេត្ត Jiangsu ឆ្នាំ ១៩៣៣។ លោកបានចូលសិក្សានៅសាលាសិល្បៈល្ខោន Shanghai Theatre Academy ឆ្នាំ ១៩៥២ និងបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៥៦។ លោកក៏បានចូលរួមជាមួយក្រុមល្ខោន Central Experimental Drama Theatre ជាស្ថាប័នមុននឹងក្លាយជា National Theatre of China (រោងមហោស្រពជាតិចិន) នាពេលបច្ចុប្បន្ន។

នេះបើយោងតាមសេចក្តីរាយការណ៍របស់ China Daily ថា នៅដំណាក់កាលដំបូងនៃអាជីព លោក You ភាគច្រើនទទួលបានតួនាទីជាតួអង្គបន្ទាប់បន្សំ ដែលខ្លះមិនមានការនិយាយអ្វីទាំងអស់។ លោកធ្លាប់ជឿជាក់ថា គ្មានតួនាទីណាដែលតូចតាចនោះទេ មានតែតារាសម្តែងទេដែលតូចតាច (ខ្វះសមត្ថភាព)” ។

នេះបើយោងតាម City News Service ថា ចំណុចរបត់ដ៏សំខាន់ក្នុងអាជីពរបស់លោកបានចាប់ផ្តើមនៅឆ្នាំ ១៩៨៤ នៅពេលដែលការសម្តែងកាយវិការ (mime) របស់លោក មានចំណងជើងថា “Shower” ក្នុងកម្មវិធី CCTV Spring Festival Gala បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលនាំឱ្យលោកទទួលបានតួនាទីជា Ji Gong ។

លោក You នៅតែបន្តសម្តែងទាំងនៅលើឆាកល្ខោន និងក្នុងភាពយន្តអស់រយៈពេលជាច្រើនទសវត្សរ៍។ ថ្មីៗនេះ លោកបានសម្តែងជាតួអង្គ “ពូ Ye” (Uncle Ye) ដែលជាអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុដល់តួឯក ក្នុងរឿងភាគទូរទស្សន៍របស់លោក Wong Kar-wai ដែលមានចំណងជើងថា “Blossoms Shanghai” ក្នុងឆ្នាំ ២០២៣៕

Most Popular

To Top