សិល្បៈ និង កម្សាន្ត

ប៉ូលិសជាតិរបស់ប្រទេសជប៉ុន នឹងស្នើសុំកែប្រែច្បាប់ ដើម្បីអាចចូលប្រើទូរសព្ទ របស់បក្ខពួកឧក្រិដ្ឋជនពីចម្ងាយ

តូក្យូ៖ប៉ូលិសជាតិរបស់ជប៉ុននឹងស្នើសុំការកែប្រែច្បាប់ ដើម្បីអនុញ្ញាតឲ្យអ្នកស៊ើបអង្កេត អាចតាមដានពីចម្ងាយនូវទូរសព្ទឆ្លាតវៃ ដោយប្រើប្រាស់ដោយសមាជិកបក្ខពួកឧក្រិដ្ឋជន តែងតែបញ្ជាឲ្យមានការប្លន់ ឬការបោកប្រាស់ ការស្នើសុំនេះធ្វើឡើង បន្ទាប់ពីក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យអនុវត្តវិធានការនេះ កាលពីថ្ងៃព្រហស្បតិ៍ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

សំណើនេះកើតឡើង បន្ទាប់ពីមានករណីឧក្រិដ្ឋកម្មជាបន្តបន្ទាប់ដែលប្រព្រឹត្តឡើងដោយបុគ្គល ត្រូវបានជ្រើសរើសតាមរយៈបណ្តាញសង្គម រួមទាំងយុវវ័យ និងអ្នកអត់ការងារធ្វើ ក្នុងករណីខ្លះ មេខ្លោងបានផ្តល់ការណែនាំពីក្រៅប្រទេសសម្រាប់រៀបចំផែនការ ប្លន់ ឬការបោកប្រាស់ ជនរងគ្រោះ។

ក្រុមឧក្រិដ្ឋជនទាំងនោះប្រើប្រាស់កម្មវិធីដែលមានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ដូចជាបណ្តាញសង្គម Signal និង Telegram ដើម្បីទំនាក់ទំនងជាមួយអ្នកដែលអនុវត្តតាមការបញ្ជា ដោយសារតែសារទាំងនោះអាចមើលបាន តែនៅលើទូរសព្ទដែលប្រើសម្រាប់ផ្ញើ និងទទួលប៉ុណ្ណោះ ប៉ូលិសជួបការលំបាកក្នុងការដឹងពីផែនការទាន់ពេលវេលាដើម្បីធ្វើអន្តរាគមន៍។

យោងតាមសំណើនេះបាននិយាយថា អ្នកស៊ើបអង្កេតនឹងត្រូវកំណត់អត្តសញ្ញាណទូរសព្ទឆ្លាតវៃដែលប្រើដោយអ្នកបញ្ជាជាមុនសិន បន្ទាប់មកស្នើសុំដីកាពីចៅក្រមដើម្បីពិនិត្យមើលការទំនាក់ទំនងរបស់ទូរសព្ទនោះពីចម្ងាយ។ ប៉ូលិសអាចប្រើប្រាស់ព័ត៌មាននោះដើម្បីព្រមាន និងការពារជនរងគ្រោះអាចកើតមាន ហើយប្រសិនបើពួកគេដឹងថាឧក្រិដ្ឋកម្មមួយនឹងកើតឡើង មន្ត្រីប៉ូលិសអាចចុះល្បាតនៅតំបន់ពាក់ព័ន្ធបាន។

ដើម្បីដោះស្រាយកង្វល់អំពីភាពឯកជន និងសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្តីពីការរក្សាការសម្ងាត់នៃការទំនាក់ទំនង គណៈកម្មការសុវត្ថិភាពសាធារណៈជាតិ និងពិនិត្យមើលរាល់ករណីទាំងអស់នៅពេលក្រោយ ដើម្បីធានាថាប៉ូលិសបានអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ។

មានតែមន្ត្រីដែលមានជំនាញឯកទេស ត្រូវបានជ្រើសរើសដោយទីភ្នាក់ងារប៉ូលិសជាតិប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតឲ្យពិនិត្យមើលទូរសព្ទទាំងនោះ។ ប៉ូលិសនឹងលុបចោលរាល់ព័ត៌មានមិនស្ថិតក្នុងវិសាលភាពនៃដីកា ហើយនឹងជូនដំណឹងដល់ម្ចាស់ទូរសព្ទនៅពេលក្រោយ។

លោក Toshihiro Kawaide សាស្ត្រាចារ្យនៅសាកលវិទ្យាល័យតូក្យូ និងជាប្រធានក្រុមអ្នកជំនាញ បានមានប្រសាសន៍ថា ខ្ញុំសង្ឃឹមថាប្រព័ន្ធនេះនឹងត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ចំណែក លោក Yoshiyuki Morimoto ប្រធានលេខាធិការដ្ឋាន នៃទីភ្នាក់ងារនេះ បានមានប្រសាសន៍ថា យើងនឹងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីអភិវឌ្ឍប្រព័ន្ធនេះ ដើម្បីឲ្យយើងអាចទប់ស្កាត់ផលប៉ះពាល់អាក្រក់ដែលកំពុងកើនឡើងពីឧក្រិដ្ឋកម្មទាំងនេះ៕

Most Popular

To Top