សុខភាព និង ផ្លូវភេទ

ការស្រាវជ្រាវវេជ្ជសាស្ត្រ ៖ អត្ថប្រយោជន៍ នៃការទទួលទានកាហ្វេ ប្រចាំថ្ងៃចំពោះសុខភាពបេះដូង និងថ្លើម

បរទេស ៖ យោងតាមអត្ថបទរបស់ វេបសាយព័ត៌មានសុខភាព Medical News Today ការសិក្សាស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំ អាចផ្តល់អត្ថប្រយោជន៍ ដ៏គួរឱ្យកត់សម្គាល់ចំពោះសុខភាពបេះដូង និងថ្លើម។ បើទោះបីជាមនុស្សម្នាក់ៗ មានការឆ្លើយតបនឹងជាតិ កាហ្វេអ៊ីនខុសៗ គ្នាក៏ដោយ ក៏ការទទួលទានក្នុងកម្រិតមធ្យម ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញថា មានផលល្អជាច្រើនចំពោះសុខភាព។

ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗអំពីរបកគំហើញផ្នែកវេជ្ជសាស្ត្រជុំវិញការទទួលទានកាហ្វេប្រចាំថ្ងៃ៖
​១. ការការពារជំងឺបេះដូង (រហូតដល់ ៥ ពែងក្នុងមួយថ្ងៃ)
​សមាគមបេះដូងអាមេរិក (AHA) បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា សម្រាប់មនុស្សពេញវ័យទូទៅដែលមានសុខភាពល្អ ការទទួលទានកាហ្វេរហូតដល់ ៥ ពែង (ប្រហែល ៤០០ មីលីក្រាមនៃជាតិកាហ្វេអ៊ីន) ក្នុងមួយថ្ងៃ គឺមានសុវត្ថិភាព។ ការទទួលទានក្នុងកម្រិតនេះ ត្រូវបានគេរកឃើញថាអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាសរសៃឈាមបេះដូងដូចជា៖
ជំងឺខ្សោយបេះដូង (Heart failure), ជំងឺសរសៃឈាមបេះដូង (Coronary heart disease), ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)។
​២. ការកាត់បន្ថយហានិភ័យជំងឺថ្លើមធ្ងន់ធ្ងរ
​យោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Clinical Gastroenterology and Hepatology អ្នកដែលផឹកកាហ្វេចាប់ពី ៥ ពែងឡើងទៅក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍទៅរកបញ្ហាថ្លើមធ្ងន់ធ្ងរបានយ៉ាងមានប្រសិទ្ធភាព រួមមាន៖ ជំងឺក្រិនថ្លើម (Cirrhosis) , ជំងឺមហារីកថ្លើម (Hepatocellular carcinoma), អត្រាស្លាប់ដែលពាក់ព័ន្ធនឹងជំងឺថ្លើម។

​អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានពន្យល់ថា អត្ថប្រយោជន៍នេះអាចកើតមានឡើងដោយសារកាហ្វេគឺជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) និងសមាសធាតុរុក្ខជាតិ ដែលជួយកាត់បន្ថយការរលាករ៉ាំរ៉ៃ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបរបស់អាំងស៊ុយលីន និងកាត់បន្ថយការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើម។
​៣. ការកាត់បន្ថយបញ្ហាចង្វាក់បេះដូងលោតខុសប្រក្រតី
​ជាទូទៅ មនុស្សជាច្រើនតែងយល់ថាកាហ្វេធ្វើឱ្យញ័រទ្រូង ឬខូចចង្វាក់បេះដូង។ ប៉ុន្តែការធ្វើតេស្តសាកល្បងគ្លីនិកថ្មីមួយ បានបង្ហាញលទ្ធផលផ្ទុយពីនេះទាំងស្រុង។ ការផឹកកាហ្វេមានជាតិកាហ្វេអ៊ីនត្រឹមតែ ១ ពែងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃការកើតឡើងវិញនៃជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី (Atrial Fibrillation – AFib) រហូតដល់ ៣៩%។ របកគំហើញនេះ បានជួយលុបបំបាត់ជំនឿចាស់ៗ និងផ្តល់ទំនុកចិត្តដល់អ្នកជំងឺបេះដូងមួយចំនួនឱ្យអាចបន្តទទួលទានកាហ្វេដោយក្តីរីករាយបាន។
​កត្តាគួរយល់ដឹង និងការប្រុងប្រយ័ត្ន
​ទោះបីជាការសិក្សាខាងលើបង្ហាញពីគុណសម្បត្តិយ៉ាងណាក្តី អ្នកជំនាញបានក្រើនរំលឹកនូវចំណុចសំខាន់ៗមួយចំនួន៖
មិនមែនជាការណែនាំឱ្យចាប់ផ្តើមផឹកនោះទេ៖ ប្រសិនបើអ្នកមិនដែលចេះផឹកកាហ្វេពីមុនមក របាយការណ៍នេះមិនមែនជាការណែនាំតម្រូវឱ្យអ្នកត្រូវតែងាកមកចាប់ផ្តើមផឹកនោះទេ។

កាហ្វេខ្មៅគឺល្អបំផុត មានអត្ថប្រយោជន៍សុខភាពភាគច្រើនទទួលបានពីកាហ្វេខ្មៅ ឬកាហ្វេដែលមិនសូវផ្អែម។ កាហ្វេដែលមានលាយស្ករ ឬទឹកដោះគោខាប់ច្រើនពេក អាចផ្តល់ផលប៉ះពាល់វិញ។

ភាពខុសគ្នានៃហ្សែន នុស្សម្នាក់ៗមានសមត្ថភាពរំលាយជាតិកាហ្វេអ៊ីនក្នុងរាងកាយខុសៗគ្នា។ ចំពោះអ្នកខ្លះ ទោះបីផឹកច្រើនពែងក៏មិនមានបញ្ហា ប៉ុន្តែសម្រាប់អ្នកខ្លះទៀត ការផឹកកាហ្វេអាចបណ្តាលឱ្យឡើងសម្ពាធឈាម បេះដូងលោតញាប់ខ្លាំង ឬរំខានដល់ការគេងយប់ជាដើម។ ដូច្នេះ ត្រូវតាមដានរាងកាយរបស់អ្នកដោយខ្លួនឯង។

ប្រែសម្រួល៖ គីរី

Most Popular

To Top