សុខភាព និង ផ្លូវភេទ

ការសិក្សាថ្មី ៖ ការព្យាបាលដោយអរម៉ូន ទាន់ពេលវេលា ជួយកាត់បន្ថយហានិភ័យ ជំងឺបេះដូង ចំពោះស្ត្រីអស់រដូវ

បរទេស៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ការចាប់ផ្តើមការព្យាបាល ដោយការជំនួសអរម៉ូន (Hormone Replacement Therapy – HRT) នៅក្នុងដំណាក់កាលត្រៀមអស់រដូវ ឬដំណាក់កាលដំបូង នៃការអស់រដូវ អាចកាត់បន្ថយហានិភ័យ នៃជំងឺសរសៃឈាមបេះដូង រហូតដល់ ២២ភាគរយ ។

​តាមចុះផ្សាយដោយគេហទំព័រព័ត៌មានវេជ្ជសាស្ត្រ Medical News Today កាលពីពេលថ្មីៗនេះ ជាទូទៅ ស្ត្រីប្រឈមមុខនឹងហានិភ័យខ្ពស់ នៃជំងឺសរសៃឈាមបេះដូង បន្ទាប់ពីឈានចូលដល់វ័យអស់រដូវ។ មូលហេតុចម្បង គឺដោយសារតែការធ្លាក់ចុះ នូវកម្រិតអរម៉ូនអេស្ត្រូសែន (Estrogen) នៅក្នុងរាងកាយ។

​អ្នកជំនាញបានពន្យល់ថា រោគសញ្ញានៃការអស់រដូវ ដូចជារោគសញ្ញាឡើងកម្តៅ ឬបែកញើសពេលយប់ (Vasomotor symptoms) គឺជារឿងទូទៅ ហើយវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងហានិភ័យ នៃជំងឺសរសៃឈាមបេះដូង នាពេលអនាគត។ បន្ថែមពីនេះ ការថយចុះនៃអរម៉ូនក៏នាំឱ្យមានការប្រែប្រួលកម្រិតកូឡេស្តេរ៉ុល ដែលបង្កើនឱកាសនៃការកើតជំងឺបេះដូងផងដែរ។

​អ្នកស្រាវជ្រាវបានតាមដានទិន្នន័យសុខភាពទាក់ទងនឹងការអស់រដូវក្នុងរយៈពេល ២០ ឆ្នាំ ដោយរកឃើញចំណុចសំខាន់ៗមួយចំនួន ការថយចុះហានិភ័យ ស្ត្រីដែលបានចាប់ផ្តើមប្រើប្រាស់ការព្យាបាលដោយអរម៉ូន (HRT) ក្នុងអំឡុងពេលត្រៀមអស់រដូវ (Perimenopause) ឬនៅដំណាក់កាលដំបូងនៃការអស់រដូវ (Early postmenopause) មានការថយចុះហានិភ័យ នៃជំងឺសរសៃឈាមបេះដូង ២២% បើធៀបនឹងអ្នកដែលមិន បានទទួលការព្យាបាលនេះ។

កាត់បន្ថយការរលាក ការប្រើប្រាស់អរម៉ូនជំនួស មិនត្រឹមតែជួយគ្រប់គ្រង រោគសញ្ញាអស់រដូវប៉ុណ្ណោះទេ តែវាមានប្រសិទ្ធភាពប្រឆាំង នឹងការរលាក និងជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) ដែលជាដើមចម នៃការកកស្ទះសរសៃឈាម និងជំងឺបេះដូង។

កត្តាពេលវេលាជារឿង សំខាន់ ការសិក្សានេះគាំទ្រ ដល់ភស្តុតាងមុនៗដែលបញ្ជាក់ថា ពេលវេលានៃការចាប់ផ្តើមព្យាបាលដោយអរម៉ូន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់អត្ថប្រយោជន៍ ដល់សុខភាពបេះដូង។

​លោកវេជ្ជបណ្ឌិត Jennifer Wong គ្រូពេទ្យឯកទេសជំងឺបេះដូង បានមានប្រសាសន៍ថា៖ “ទោះបីជាការអស់រដូវមិនមែនជាជំងឺ ប៉ុន្តែវាជាដំណាក់កាលដ៏សំខាន់ក្នុងជីវិត ដែលស្ត្រីត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពសរសៃឈាមបេះដូង និងកត្តាហានិភ័យផ្សេងៗ។ ការសិក្សានេះបញ្ជាក់ថា ការចាប់ផ្តើមការព្យាបាល ដោយអរម៉ូនឱ្យបានលឿន អាចផ្តល់ផលប្រយោជន៍ដល់ សរសៃឈាមបេះដូងសម្រាប់ស្ត្រីមួយចំនួន។”

​ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវកត់សម្គាល់ថា ដោយសារនេះជាការសិក្សាបែបអង្កេត លទ្ធផលទាំងនេះ គួរត្រូវបានបកស្រាយដោយប្រុងប្រយ័ត្ន ហើយត្រូវការការបញ្ជាក់ បន្ថែមតាមរយៈការសាកល្បងគ្លីនិកនាពេលអនាគត។ ស្ត្រីគ្រប់រូបគួរពិគ្រោះយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញរបស់ខ្លួន ដើម្បីទទួលបានការព្យាបាលដែលស័ក្តិសម និងមានសុវត្ថិភាពបំផុត។

ប្រែសម្រួល៖ គីរី

Most Popular

To Top