បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើពិធីអបអរមួយ សម្រាប់នាវាចម្បាំងទម្ងន់២.៨០០តោនថ្មីមួយគ្រឿង ឈ្មោះ Daejeon ស្របពេលដែលធ្វើការឃ្លាំមើលសកម្មភាព យោធារបស់ប្រទេសកូរ៉េខាងជើង ។
ទីភា្នក់ងារសារព័ត៌មានកូរ៉េខាងត្បូង EDaily បានរាយការណ៍ប្រាប់ថា នាវាចម្បាំងនោះ គឺជានាវាចម្បាំងមួយក្នុងចំណោមនាវាចម្បាំង៨គ្រឿង ដែលនឹងត្រូវផលិតរួចរាល់ទាំងស្រុង នៅត្រឹមឆ្នាំ២០២៣ ។ គម្រោងផលិត បានចាប់ផ្តើមក្នុងឆ្នាំ២០១១ ហើយនាវាចម្បាំងថ្មីទាំងនោះ គឺត្រូវបានរចនាផលិតឡើង ដើម្បីប្រើជំនួសនាវាចម្បាំងចាស់ៗ និងនាវាគ្រប់គ្រងការល្បាត ។
ក្រុមហ៊ុនផលិតនាវា Daewoo Shipbuilding & Marine Engineering បានប្រារព្ធធ្វើពិធីនៅកន្លែងផលិតនាវា Okpo។ ប្រធានប្រតិបត្តិការកងទ័ពជើងទឹក លោកឧត្តមនាវី Book Suk-jong បានចូលរួមក្នុងពិធីនោះរួម ជាមួយលោក Jeong Seung-gyun ជាប្រធាន ផ្នែកផែនការ និងគ្រប់គ្រងនៅទីស្នាក់ការ កណ្ដាល ទ័ពជើងទឹក និងលោក Seo Il-jun ជាតំណាងរដ្ឋសភាជាតិ ប្រចាំនៅទីក្រុង Geoje។
តាមសេចក្តីរាយការណ៍ នាវាចម្បាំងនោះ មានបំពាក់ដោយអាវុធនានា ដែលអាចវាយប្រហារនាវាមុជទឹក និងនាវាចម្បាំង រួមមានកាំភ្លើងធំ៥អ៊ីងមួយដើម មីស៊ីលបាញ់នាវា និងមីស៊ីលបាញ់នាវាមុជទឹករយៈចម្ងាយឆ្ងាយ ៕ ប្រែសម្រួល៖ប៉ាង កុង
