ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង តេស្តប្រព័ន្ធស៊ើបការណ៍ ប្រឆាំងកូនដ្រូន សម្រាប់យោធា

បរទេស ៖ យោធារបស់ប្រទេស កូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើតេស្ត សាកល្បង ប្រព័ន្ធរ៉ាដា តាមដានកូនដ្រូន ថ្មីមួយ ដែលមានសមត្ថភាព អាចកំណត់មុខសញ្ញា កូនដ្រូនរបស់សត្រូវបាន ក្នុងរយៈចម្ងាយ៥ម៉ាយ និងធ្វើឲ្យគាំងម៉ាស៊ីន ដំណើរការលែងកើត ។

ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង Newsis បានរាយការណ៍នៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលកម្មវិធីទិញ ឧបករណ៍ការពារជាតិ របស់ទីក្រុងសេអ៊ូល បាននិយាយប្រាប់ថា ប្រព័ន្ធតាមដាន ប្រឆាំង កូនដ្រូននេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ ជាំមួយកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាស របស់ប្រទេសកូរ៉េខាងត្បូង ។

ចំណែកទីភ្នាក់សារព័ត៌មាន កូរ៉េខាងត្បូងមួយទៀត ឈ្មោះ យុនហាប់ បានរាយការណ៍ថា ប្រព័ន្ធនេះមានសមត្ថភាព អាចចាប់សញ្ញាកូនដ្រូន ដែលមានទំហំ ដ៏តូចប៉ុនបាល់បោះបាន ។

យោធាកូរ៉េខាងត្បូង បាននិយាយប្រាប់ឲ្យដឹងថា ឧបករណ៍នេះ ក៏ត្រូវបានធ្វើតេស្ត និងបង្ហាញឲ្យឃើញ ពីសមត្ថភាពចាប់សញ្ញាកូនដ្រូន ដែលមានប្រវែង១២អ៊ីង ស្ថិតក្នុងរយៈចម្ងាយ៥ម៉ាយ ។

រដ្ឋបាលកម្មវិធីទិញ ឧបករណ៍ការពារជាតិ របស់ទីក្រុងសេអ៊ូល បាននិយាយយ៉ាងដូច្នេះថា “បច្ចេកវិទ្យាប្រព័ន្ធរ៉ាដា ចាប់សញ្ញា កូនដ្រូន គឺត្រូវបានអភិវឌ្ឍ ជាលើកដំបូង និងធ្វើឲ្យពាណិជ្ជកម្មនៅបរទេស ហើយវាត្រូវបានគេស្គាល់ថា ប្រព័ន្ធរ៉ាដាមានបច្ចេកវិទ្យា ចាប់សញ្ញាកូនដ្រូនតូចៗ នៅចម្ងាយ៤,៣ម៉ាយ នៅក្នុងប្រទេសដទៃ” ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top