ព័ត៌មានអន្តរជាតិ

លោក បៃដិន អំពាវនាវ ឲ្យជនជាតិអាហ្វហ្គានីស្ថាន សម្រេចចិត្ត ពីអនាគតពួកគេ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបជាមួយប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Ashraf Ghani និងអតីតសត្រូវនយោបាយ របស់លោក គឺលោក Abdullah Abdullah នៅសេតវិមាន នាថ្ងៃសុក្រសប្ដាហ៍នេះ ហើយលោកបានអំពាវនាវ ឲ្យជនជាតិអាហ្វហ្គានីស្ថាន សម្រេចចិត្តលើអនាគត នៃប្រទេសរបស់ខ្លួនឯង ស្របពេលដែលកងទ័ពអាមេរិក ដកជិតអស់ក្រោយសង្គ្រាម រយៈពេល២០ឆ្នាំ និងកងកម្លាំងរដ្ឋាភិបាល ប្រឹងប្រែងទប់ទល់នឹងពួកតាលីបង់។

លោក បៃដិន តាមសេចក្តីរាយការណ៍ ក្នុងខណៈអង្គុយក្បែរលោក Ghani និងលោក Abdullah នៅការិយាល័យ Oval Office បាននៅលោកទំាងពីរថា “មិត្តចាស់ទំាងពីរ” និងបាននិយាយថា ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអាហ្វហ្គានីស្ថាន នៅមិនទាន់ចប់នោះទេ ហើយនឹងនៅស្ថិតថេរ បើទោះជាអាមេរិកដកខ្លួនក៏ដោយ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន WION នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក បៃដិន បានមានប្រសាសន៍ បន្តយ៉ាងដូច្នេះថា ជនជាតិអាហ្វហ្គានីស្ថាន នឹងត្រូវធ្វើការសម្រេចចិត្ត ពីអនាគតរបស់ពួកគេ តាមអ្វីដែលពួកគេចង់បាន ហើយអំពើហិង្សាគ្មានប្រយោជន៍ ត្រូវតែបញ្ឈប់។

ចំណែកលោកប្រធានាធិបតី អាហ្វហ្គានីស្ថាន បានមានប្រសាសន៍ថា កងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន ទើបបានកាន់កាប់ស្រុក ចំនួន៦ កាលពីថ្ងៃសុក្រ ហើយលោកបន្តថា លោកគោរពការសម្រេចចិត្ត របស់លោក បៃដិន និងថា ភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន កំពុងតែបោះជំហាន ចូលក្នុងដំណាក់កាលថ្មី៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top