ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ ធុនតូច១គ្រឿង នៅរដ្ឋចចារ សហរដ្ឋអាមេរិក ស្លាប់៤នាក់

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ថា មនុស្សចំនួន ៤នាក់ នៅលើយន្តហោះ បានស្លាប់ កាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីយន្តហោះធុនតូច១គ្រឿង បានធ្លាក់និងផ្ទុះឆេះនៅក្បែរ ទីក្រុងអាត្លង់តា រដ្ឋចចចារ សហរដ្ឋអាមេរិក ។

បណ្តាញសារព័ត៌មានជាច្រើន បានស្រង់សម្តីក្រសួងអាកាសចរណ៍ សហព័ន្ធ ដោយលើកឡើងថា យន្តហោះម៉ាស៊ីនតែមួយឈ្មោះ Cessna 210 បានធ្លាក់នៅម៉ោងប្រហែល១ និង១០នាទីរសៀល ។ រំពេចនោះបានធ្លាក់ បន្ទាប់ពីវាបានហោះចេញពីអាកាសយានដ្ឋាន DeKalb-Peachtree នៅជាយក្រុងភាគឦសាន នៃក្រុងអាត្លង់តា ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមជួយសង្គ្រោះអគ្គិភ័យ ប្រចាំតំបន់ DeKalb បានបញ្ជាក់ថា អគ្គិភ័យនេះត្រូវបានពន្លត់ភ្លាមៗ ហើយក្នុងចំណោមមនុស្សទាំង៤នាក់ គ្មាននរណាម្នាក់ នៅរស់រានមានជីវិតពី ហេតុការណ៍នេះនោះទេ ។

អត្តសញ្ញាណជនរងគ្រោះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិកំពុងដឹកនាំការស៊ើបអង្កេតលើគ្រោះថ្នាក់នេះដើម្បីកំណត់ពីមូលហេតុ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top