ព័ត៌មានអន្តរជាតិ

អង់គ្លេស មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ៥០០០០ករណី

ឡុងដ៌៖ យោងតាមតួលេខផ្លូវការបានឲ្យដឹថា មនុស្សចំនួន ៥២,០០៩ នាក់ផ្សេងទៀត នៅក្នុងចក្រភពអង់គ្លេស បានធ្វើតេស្តវិជ្ជមាន ចំពោះ ជំងឺកូវីដ-១៩ ដែលនេះជាលើកដំបូង ដែលតួលេខនេះមាន ចំនួនលើសពី ៥ ម៉ឺននាក់ចាប់តាំងពីថ្ងៃទី ១៧ ខែកក្កដា ។

តួលេខចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីមានករណី ឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃជាង ៤០,០០០ ករណីត្រូវបានរាយការណ៍ ក្នុងរយៈពេល ៨ ថ្ងៃជាប់ៗគ្នា ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសកើនឡើង ដល់ ៨,៦៤១,២២១ករណី ។

ប្រទេសនេះក៏បានរាយការណ៍ ពីការស្លាប់ទាក់ទងនឹងមេរោគឆ្លង ចំនួន ១១៥ នាក់បន្ថែមទៀត។ ចំនួនសរុប នៃការស្លាប់ទាក់ទង នឹងមេរោគឆ្លងនៅចក្រភពអង់គ្លេស ឥឡូវនេះមានចំនួន ១៣៩,១៤៦ ។ តួលេខទាំងនេះរួមបញ្ចូល ទាំងការស្លាប់ របស់មនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានដំបូង របស់ពួកគេតែប៉ុណ្ណោះ ។

ទន្ទឹមនឹងនេះតួលេខដាច់ដោយឡែក ដែលត្រូវបានបោះពុម្ពផ្សាយ ដោយការិយាល័យស្ថិតិជាតិ បានបង្ហាញថា ឥឡូវនេះមានអ្នកស្លាប់ចំនួន ១៦២,៦២០ នាក់ត្រូវបានចុះឈ្មោះនៅក្នុងប្រទេស អង់គ្លេស ដែលជំងឺកូវីដ-១៩ ត្រូវបានគេឲ្យដឹងនៅលើសំបុត្រ មរណភាព។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានសារភាពថា កម្រិត នៃករណីឆ្លងជំងឺកូវីដ-១៩ គឺ“ ខ្ពស់” ហើយលោកកំពុង“ មើលតួលេខយ៉ាងប្រយ័ត្នប្រយែង ជារៀងរាល់ថ្ងៃ” ។

ទោះយ៉ាងណាក៏ ដោយលោកបានទទូចថា លោក “ ប្រកាន់ខ្ជាប់នឹងផែនការ របស់យើង” ។ រហូតមកដល់ពេលនេះរដ្ឋាភិបាលអង់គ្លេស បានប្រឆាំងនឹងការអំពាវនាវ ឱ្យផ្លាស់ទៅផែនការ ខ នៃ ការឆ្លើយតបនឹងរដូវ ស្លឹកឈើជ្រុះ និងរដូវរងាសម្រាប់ការបន្ធូរបន្ថយ សម្ពាធលើសេវាកម្ម សុខភាពជាតិ (NHS) ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top