ព័ត៌មានអន្តរជាតិ

អាមេរិក នឹងចំណាយ២០លានដុល្លារ លើការបង្កើនការការពារនៅព្រំដែន ភាគខាងកើត និងខាងជើង របស់អ៊ុយក្រែន

គៀវ៖ ក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន បាននិយាយនៅថ្ងៃសៅរ៍ថា សេវាព្រំដែនរបស់ប្រទេសអ៊ុយក្រែន និងស្ថានទូតអាមេរិកនៅទីក្រុងគៀវ បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយដើម្បីពង្រឹងព្រំដែនភាគខាងកើត និងខាងជើងរបស់ប្រទេសអ៊ុយក្រែន ដែលនឹងទទួលបានថវិកាចំនួន 20 លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រសួងកិច្ចការផ្ទៃក្នុងអ៊ុយក្រែន លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុកថា «សេវាការពារព្រំដែនរដ្ឋនៃប្រទេសអ៊ុយក្រែន និងស្ថានទូតសហរដ្ឋអាមេរិក Kyiv Ukraine បានចាប់ផ្តើមគម្រោងដើម្បីពង្រឹងសន្តិសុខនៃផ្នែកខាងជើង និងខាងកើតនៃព្រំដែនអ៊ុយក្រែន។ គម្រោងនេះចាប់ផ្តើមនៅខែមករា ឆ្នាំ ២០២២។ សរុបនៃជំនួយនឹងមានប្រហែល ២០ លានដុល្លារ»។

អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងទទួលបានប្រព័ន្ធយន្តហោះគ្មានមនុស្សបើក យានយន្តពិសេស ក៏ដូចជាឧបករណ៍ត្រួតពិនិត្យវីដេអូ និងទំនាក់ទំនង តាមរយៈគំនិតផ្តួចផ្តើមនេះ។

សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានរៀបចំជំនួយយោធាចំនួន 200 លានដុល្លារ ប៉ុន្តែបានពន្យារពេលក្នុងការផ្តល់ក្នុងគោលបំណងផ្តល់ពេលវេលាបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅតាមព្រំដែនរវាងអ៊ុយក្រែន និងរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top