ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ដាក់ប្រទេសក្នុងភាពអាសន្ន ជុំវិញភាពតានតឹង ជាមួយរុស្ស៊ី

គៀវ ៖ សភាអ៊ុយក្រែន បានគាំទ្រសេចក្តីព្រាងច្បាប់មួយ ដើម្បីដាក់បញ្ចូលស្ថានភាពក្នុងភាពអាសន្ន នៅក្នុងប្រទេស ដែលចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈ ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយរុស្ស៊ី នេះបើយោងតាមសេវាសារព័ត៌មាន របស់សភាអ៊ុយក្រែន។

ច្បាប់ដែលដាក់ចេញនូវភាពអាសន្ននៅក្នុងតំបន់ទាំងអស់របស់អ៊ុយក្រែន លើកលែង តែតំបន់ Lugansk និង Donetsk ដែលរងគ្រោះដោយជម្លោះ រយៈពេល ៣០ថ្ងៃ ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៣៣៥នាក់នៅក្នុងសភា ដែលមានកៅអីចំនួន ៤៥០កៅអី ។

នៅតំបន់ Donetsk និង Lugansk ជាកន្លែងដែលប្រតិបត្តិការកងកម្លាំងចម្រុះកំពុងដំណើរការ របបច្បាប់ពិសេសមួយបានចូលជាធរមានហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ភាពអាសន្ននៅក្នុងតំបន់អ៊ុយក្រែនចំនួន ២២ គ្រោងនឹងហាមឃាត់ការប្រជុំ និងការតវ៉ាទ្រង់ទ្រាយធំ លើការផ្លាស់ប្តូរទីកន្លែងស្នាក់នៅរបស់អ្នក ដែលទទួលខុសត្រូវក្នុងការបម្រើយោធា និងការផលិតសម្ភារៈព័ត៌មានដែលអាចធ្វើឲ្យមានអស្ថិរភាព និងស្ថានភាពក្នុងប្រទេស។

ច្បាប់ថ្មីនេះក៏បានចែងផងដែរ សម្រាប់ការរឹតត្បិតសេរីភាពនៃការធ្វើចលនា ការត្រួតពិនិត្យយានយន្ត បរិវេណ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ និងការដាក់បម្រាមគោចរ ប្រសិនបើមានតម្រូវការកើតឡើង៕
ដោយ ឈូក បូរ៉ា

Most Popular

To Top