ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់យោធា ឱ្យប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលភាពតានតឹង កើនឡើងជាមួយកូរ៉េខាងជើង

បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានគំរាមថា នឹងឆ្លើយតបយ៉ាងរហ័សចំពោះ “ការបង្កហេតុ” ណាមួយពីទីក្រុងព្យុងយ៉ាង ដោយប្រាប់យោធា របស់ប្រទេសលោក កាលពីថ្ងៃពុធ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលភាពតានតឹង កើនឡើងម្តងទៀត រវាងប្រទេសជិតខាងទាំងពីរនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Yoon បានបញ្ជាឱ្យកងកម្លាំងប្រដាប់ អាវុធរបស់កូរ៉េខាងត្បូង “សងសឹកភ្លាមៗ និងយ៉ាងម៉ឺងម៉ាត់” ចំពោះកូរ៉េខាងជើង ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង ។ នេះបើយោងតាម Reuters ដែលបានកត់សម្គាល់ ពីការព្រួយបារម្ភក្នុងចំណោមមន្ត្រី ដែលថា ទីក្រុងព្យុងយ៉ាងអាចធ្វើតេស្តនុយក្លេអ៊ែរ ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល 5 ឆ្នាំ ។

ការិយាល័យប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតី Yoon បាននិយាយថា សមត្ថភាពការពារដ៏រឹង មាំគួរតែត្រៀមខ្លួន ដើម្បីការពារសន្តិសុខរបស់ប្រទេស និងផលប្រយោជន៍ជាតិ ខណៈដែលភាពមិនប្រាកដប្រជាផ្នែក សន្តិសុខជុំវិញកូរ៉េខាងត្បូង និងអាស៊ីឦសានកំពុងកើនឡើង ជាងពេលណាៗទាំងអស់” ៕

Most Popular

To Top