ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ប្រកាសថា នឹងបង្កើតកងទ័ពណាតូ ដ៏ខ្លាំងបំផុតនៅអឺរ៉ុប

ប៉ូឡូញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បានឲ្យដឹងថា ប្រទេសរបស់លោក មានគោលបំណង កសាងកងកម្លាំងជើងគោក ដ៏ខ្លាំងបំផុត នៃសមាជិកអង្គការ សន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) ទាំងអស់នៅអឺរ៉ុប។

លោក Blaszczak បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុប៉ូឡូញ សាធារណៈមួយថ្ងៃបន្ទាប់ពីប៉ូឡូញ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញ អាវុធកូរ៉េខាងត្បូង ។

លោកបានលើកឡើងថា “យើងកំពុងស្វែងរកដើម្បីជំនួសកងនាវាពាសដែក ទាំងមូលរបស់ប្រទេសប៉ូឡូញ គោលបំណងរបស់យើង គឺធ្វើឱ្យកងកម្លាំងដីប៉ូឡូញ មានភាពរឹងមាំបំផុតនៅអឺរ៉ុប ដែលជាកម្លាំងខ្លាំងបំផុត ក្នុងចំណោមសមាជិកណាតូ ហើយយើងនឹងធ្វើវា” ។

លោកបានសរសេរលើ Twitter ថា កិច្ចព្រមព្រៀងនេះ នឹងអាចឲ្យប្រទេសនេះ បង្កើនទំហំកងទ័ពដល់ទៅ ៣០០,០០០ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រសួងការពារជាតិប៉ូឡូញ បានពណ៌នា អំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងប៉ូឡូញ និងកូរ៉េខាងត្បូងលើការទិញរថក្រោះ K2 ចំនួន ១០០០គ្រឿង កាំភ្លើងកាណុង K9 ជាង ៦០០គ្រឿង និងកងអនុសេនាធំចំនួន ៣ នៃយន្តហោះ FA-50 ថាជា “ការបញ្ជាទិញការពារជាតិប៉ូឡូញដ៏សំខាន់ និងធំបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top