គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃអង្គារ បានសន្ទនា តាមទូរស័ព្ទជាមួយអគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (ណាតូ) លោក Jens Stoltenberg ដើម្បីពិភាក្សា អំពីជំនួយ សម្រាប់ទីក្រុងគៀវ។

នៅក្នុងកិច្ចពិភាក្សានេះ លោក Zelensky បានជូនដំណឹង ដល់លោក Stoltenberg អំពីស្ថានភាពនៅជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ លើសារៈសំខាន់សម្រាប់ ទីក្រុងគៀវ ក្នុងការទទួលបានជំនួយយោធា ដែលមិនមានគ្រោះ ថ្នាក់ពីអង្គការណាតូ ដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងកិច្ចប្រជុំកំពូល របស់សម្ព័ន្ធមិត្តនៅទីក្រុង Madrid ឆ្នាំ២០២២។
ក្រៅពីនេះ លោក Zelensky បានលើកឡើងថា អ៊ុយក្រែន កំពុងស្វែងរកការទទួលបានអាវុធធុនធ្ងន់ បន្ថែមទៀតពីប្រទេសសមាជិកណាតូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ភាគីនានាក៏បានពិភាក្សាអំពីការបន្តការនាំចេញ គ្រាប់ធញ្ញជាតិពីអ៊ុយក្រែនតាមរយៈកំពង់ផែសមុទ្រខ្មៅ និងការរំពឹងទុកនៃជំនួយរបស់អង្គការណាតូ ក្នុងការដោះមីនមនុស្សធម៌នៅអ៊ុយក្រែន ។
នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការណាតូក្នុងរដ្ឋធានី អេស្ប៉ាញ កាលពីថ្ងៃទី២៩-៣០ ខែមិថុនា សមាជិកនៃសម្ព័ន្ធភាព បានយល់ព្រមផ្តល់ការគាំទ្រ ដល់អ៊ុយក្រែន ក្នុងវិស័យជាច្រើន រួមទាំងទំនាក់ទំនងប្រកប ដោយសុវត្ថិភាព ការការពារតាមអ៊ីនធឺណិត និងភាពធន់ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ ផ្នែកវេជ្ជសាស្រ្ត ៕
ប្រែសម្រួល ឈូក បូរ៉ា
