ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើងបានបាញ់ មីស៊ីលផ្លោងចម្ងាយខ្លី ចំនួន២គ្រាប់ ចូលក្នុងដែនទឹកភាគខាងកើត

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថា កូរ៉េខាងជើង បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លី ចំនួន២គ្រាប់ឆ្ពោះ ទៅកាន់ដែនទឹក ភាគខាងកើតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង ហៅកាត់ថា (JCS) នៅថ្ងៃសៅរ៍នេះ ។

អគ្គសេនាធិការចម្រុះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញ មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២ ដែលកូរ៉េខាងជើង បាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង ចន្លោះម៉ោង៦និង៤៥ព្រឹក ដល់ម៉ោង៧និង០៣ព្រឹក ម៉ោងក្នុងស្រុក ចូលទៅក្នុងដែន ទឹកភាគខាងកើត ។

កូរ៉េខាងជើងបានបាញ់ មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ចូលទៅក្នុងដែនទឹក ភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃពុធ និងកាំជ្រួចផ្លោងរយៈចម្ងាយខ្លី១គ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងកើត កាលពីថ្ងៃអាទិត្យ ។

យោងតាមយោធាកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានបាញ់ សាកល្បងមីស៊ីលផ្លោងចំនួន២០ដង និងមីស៊ីលផ្លោងឆ្លងទ្វីបចំនួន២ដង ៕

Most Popular

To Top