ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាជើងទឹក ដ៏សំខាន់មួយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កនៅព្រឹកថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចូលរួមធ្វើសមយុទ្ធយោធាជើងទឹក ក្នុងទ្រង់ទ្រាយដ៏ធំមួយ ដែលមានការចូលរួម ពីសំណាក់ក្រុមកម្លាំងប្រយុទ្ធសំខាន់ៗរបស់ប្រទេសនីមួយៗ។

ប្រភពដដែលបានសរសេរទៀតថា សមយុទ្ធយោធារវាងប្រទេសទាំងបីធ្វើឡើង នៅចំពេលដែលកំពុងមានភាពតានតឹងខ្លាំងជាមួយនឹងការសាកល្បង បាញ់តេស្តមីស៊ីលម្តងហើយម្តងទៀត ពីសំណាក់ប្រទេសកូរ៉េខាងជើង ហើយក៏ជាសមយុទ្ធយោធា នៅក្នុងសមុទ្ររបស់ជប៉ុនជាលើកដំបូងផងដែរ ចាប់តាំងតែពីឆ្នាំ២០១៧។

សមយុទ្ធយោធាដែលផ្តោតសំខាន់ ទៅលើការប្រឆាំងទៅនឹងនាវាមុជទឹក និងមានការចូលរួមពីសំណាក់ នាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ហើយសមយុទ្ធយោធានេះ ធ្វើឡើងមុនបន្តិចការបាញ់មីស៊ីលសាជាថ្មី ដោយកូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញ។

គួរឲ្យដឹងដែរថាកាលពីសប្តាហ៍កន្លងមក មន្ត្រីកូរ៉េខាងត្បូងបានព្រមានរកឃើញសញ្ញាថាកូរ៉េខាងជើង កំពុងត្រៀមរៀបចំក្នុងការបាញ់សាកល្បងមីស៊ីលសាជាថ្មី គឺជាការបាញ់ចេញពីនាវាមុជទឹកមួយគ្រឿងរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top